ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ជួយដោះស្រាយបញ្ហា ក្រុមហ៊ុន ហ៊ុមរបព័ទ្ធ មិនឱ្យប្រជាពលរដ្ឋ ចូលទៅកាន់ដីរបស់ពួកគាត់ និងបណ្តឹងថ្មីៗបន្តបន្ទាប់មកនេះ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារប្រជុំត្រួតពិនិត្យ ពិភាគក្សារកដំណោះស្រាយរវាងដីប្រជាពលរដ្ឋ៦ភូមិក្នុងសង្កាត់ពញាពន់ និងក្រុមហ៊ុនអ៊ុយ បូវី ដែលមានតំណាងដោយលោកណេង សុភី ដែលបានធ្វើរបងហ៊ុមព័ទ្ធផ្លូវ ប្រឡាយសារធាណៈ និងដីស្រែប្រជាពលរដ្ឋដែលមិនទាន់លក់ នៅសាលាសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក គូ អឿន ចៅសង្កាត់ពញាពន់ បានមានប្រសាសន៍ថា បញ្ហាក្រុមហ៊ុនព័ទ្ធរបងនេះ គឺបានបិទផ្លូវចូលដីប្រជាពលរដ្ឋ សើពីដីរបស់ក្រុមហ៊ុនដែលបានទិញពិតប្រាកដមែន កន្លែងដែលមានផ្លូវស្រាប់ ហើយសូមឲ្យក្រុមហ៊ុនទុកផ្លូវសម្រាប់ប្រជាពលរដ្ឋចេញចូលផង បើក្រុមហ៊ុនបានទិញតាមតម្លៃទីផ្សារ ដែលប្រជាពលរដ្ឋព្រមលក់ទាំងអស់ហើយនោះចាំធ្វើរបងព័ទ្ធចុះ គឺលែងមានប្រជាពលរដ្ឋតវ៉ាទៀតហើយ។
ចំណែកលោក ស៊ូ ស៊ីវុត្ថា ប្រធានប្រធានការិយាល័យដែនដីនគររូបនីយកម្ម សំណង់ និង ភូមិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ដីដែលក្រុមហ៊ុនព័ទ្ធរបងជុំវិញនោះ មានឈ្មោះថាដី៩៣ ទំហំ៣០៨ហិកតា និងមាន៨៨ប័ណ្ណ គឺជាដីទំនាស់ជាយូរយារមកហើយ។ បន្ទាប់ពីក្រុមហ៊ុនឈ្មោះ អ៊ុយ បូវី និងគង់ សុធី បានទិញពីក្រុមហ៊ុនចិនមករហូតមកទល់បច្ចុប្បន្ននេះ ក៏បានសម្របសម្រួលធ្វើគោលនយោបាយឲ្យអ្នកដែលបានលក់ទាំងអស់ហើយ ក៏ធ្វើរបងហ៊ុមព័ទ្ធដីរបស់គេតែម្ដង ប៉ុន្តែនៅក្នុងនោះក៏មានដីអ្នកដែលមិនទាន់បានលក់ដែរ ហើយអាចចូលចំណីដីអនុក្រិត្យទៀត។
ក្នុងនោះផងដែរលោកណេង សុភី តំណាងឲ្យក្រុមហ៊ុនអ៊ុយ បូវី បានលើកឡើងថា ខាងក្រុមហ៊ុនយល់ព្រមឲ្យអាជ្ញាធរចុះវាស់វែងដើម្បីកំណត់តើដីអនុក្រិត្យត្រឹមណា ហើយដីប្រជាពលរដ្ឋណាខ្លះដែលនៅក្នុងនោះ រួចហើយក្រុមហ៊ុននិងរកដំណោះស្រាយសុំទិញពីប្រជាពលរដ្ឋតាមតម្លៃណាមួយដែលយលព្រមទាំងអស់គ្នា។
ក្នុងឱកាសនោះផងដែរលោក សុខ សម្បត្តិ បានមានប្រសាសន៍ថា ដី៩៣ ទំហំ៣០៨ហិកតា និងមាន៨៨ប័ណ្ណ ដែលបច្ចប្បន្នក្រុមក្រុមហ៊ុនធ្វើរបងព័ទ្ធនេះអាចលើសពីនេះព្រោះមានដីប្រជាពលរដ្ឋដែលមិនទាន់បានលក់នៅក្នុងនោះដែរ ហើយទាំងអាជ្ញាធរ ក្រុមហ៊ុន ទាំងប្រជាពលរដ្ឋត្រូវសហការគ្នាឲ្យបានល្អទើបការងារនេះវារលូនទៅបាន។ បន្ទាប់ពីប្រជុំចប់លោកអភិបាលខណ្ឌ និងក្រុមការងារបានចុះពិនិត្យមើល និងដឹកនាំវាស់វែងជាក់ស្ដែងដោយលោកប្រធានការិយាល័យភូមិបាលខណ្ឌ នៅលើទីតាំងដីដែលក្រុមហ៊ុនធ្វើរបងហ៊ុមព័ទ្ធទំហំ៣០៨ហិកតានោះ៕
ដោយ៖ ព្រែកសំរោង