ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក បានផ្សាយថាប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយលោកចាប់ផ្តើមធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍។ ក្នុងអំឡុងពេលនេះរាល់ការងាររបស់លោកនឹងត្រូវធ្វើតាមអនឡាញទាំងអស់។
នៅក្នុងសេចក្តីប្រកាស របស់វិមានប្រធានាធិបតីបារាំងបានបញ្ជាក់ថា «នៅថ្ងៃនេះ ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២០ ប្រធានាធិបតី ម៉ាក្រុងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។ មកទល់ពេលនេះគេមិនទាន់ដឹងថាប្រធានាធិបតីឆ្លងកូវីដ-១៩ពីណានោះឡើយ»។
តាមការលើកឡើងរបស់មន្ត្រីវិមាន Elysee ប្រធានាធិបតីម៉ាក្រុង បានលុបចោលរាល់គម្រោងទស្សនកិច្ច ទៅកាន់ក្រៅប្រទេសក្នុងនោះមានប្រទេសលីបង់។
ចំណែកនាយករដ្ឋមន្ត្រីបារំាងលោក Castex បានជួបជាមួយប្រធានាធិបតីម៉ាក្រុងប៉ុន្មានថ្ងៃមុនក៏ត្រូវធ្វើចត្តាឡីស័កផងដែរ ប៉ុន្តែនាយករដ្ឋមន្ត្រីមិនមានសញ្ញាណាមួយនោះឡើយ។ កាលពីដើមខែធ្នូអតីតប្រធានាធិបតីបារាំងលោក Valery Giscard d’Estaing ស្លាប់ដោយសារតែការឆ្លងកូវីដ-១៩ ។
តាមតួលេខរបស់ Worldometers បានផ្សាយថា គិតមកដល់វេលាម៉ោង១៧ ថ្ងៃទី១៧ខែធ្នូ (ម៉ោងនៅកម្ពុជា) បារាំងមានករណីឆ្លងកូវីដ-១៩ សរុប2.409.062 នាក់ ឈរលំដាប់លេខ៥លើពិភពលោក និងមានអ្នកស្លាប់59.361នាក់ ។
ក្នុងពេលជាមួយគ្នានេះដែរសហគមន៍អឺរ៉ុប បានត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ជាផ្លូវការ ។ តាមគម្រោង ប្រទេសជាសមាជិកនឹងចាក់វ៉ាក់សាំងដំបូងចាប់ពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០តទៅ ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Jens Spahn បានប្រកាសថា ប្រសិនបើទទួលបានការអនុម័ត អាល្លឺម៉ង់នឹងចាក់វ៉ាក់សាំងដំបូងនៅថ្ងៃទី២៧ខែធ្នូ ហើយប្រទេសផ្សេងទៀតអាចនឹងចាក់ព្រមគ្នា ក្នុងពេលនោះដែរ។
ការប្រកាសព័ត៌មានខាងលើ ក្រោយពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់បានជួបពិភាក្សាជាមួយអធិការបតី លោកស្រី Angela Merkel និងអគ្គនាយកក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech។ តាមគម្រោង អឺរ៉ុបនឹងជួបប្រជុំនៅថ្ងៃទី២១ខែធ្នូ ហើយនៅថ្ងៃទី២៣ខែធ្នូ នឹងអនុម័តប្រើប្រាស់ជាផ្លូវការ៕ដោយ៖ធី រីណា