ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះថ្មថ្មី​ ១ខ្នងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជារាស្ត្រ ១គ្រួសារ នៅខេត្តកំពង់ស្ពឺ​ …!!

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តាយាយ​ ២នាក់ប្តីប្រពន្ធ​ និងចៅៗកំព្រា​ ​៣នាក់​ក្នុងបន្ទុក​ រស់នៅភូមិស្វាយភ្លោះ​ ឃុំព្រៃក្រសាំង​ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ រំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង​ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ 

ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះ​ នារសៀលថ្ងៃព្រហស្បតិ៍​ ទី​ ១៧​ ខែធ្នូ​ ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោកតា​ សុំ​ សាន​ អាយុ​ ៦៨ឆ្នាំ​ ពិការដៃម្ខាង​-ជេីងម្ខាង​ និងលោកយាយ​ជាម្តាយ ព្រមទាំងចៅៗកំព្រាទាំង​ ៣នាក់។ ទន្ទឹមនឹងនេះ​ លលោកស្រី បានពាំនាំព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើជូនគ្រួសារលោកតា​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់​ ត្រូវ​យកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ «រស់នៅធម្មតាតាមបែបគន្លងថ្មី»​ ដេីម្បីជៀសផុតពីជំងឺកូវីដ-១៩​ និងសូមថែទាំផ្ទះថ្មីនេះឱ្យបានល្អ ជាទ្រព្យសម្បត្តិតរៀងទៅ។

សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះប្រេីពេលសាងសង់ ២ខែ ចំណាយថវិកា ៥.៥០០ដុល្លារ (ប្រាំពាន់ប្រាំរយដុល្លារអាមេរិក) មានទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ហ្វីប្រូ មានបន្ទប់ទឹកមួយក្នុងផ្ទះ និងរៀបឥដ្ឋចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។ 

ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ កាកបាទក្រហមកម្ពុជា​ បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី​​​៥​កេស,​ ត្រីខ​​​ ៥០កំប៉ុង,​ ឃីត​ (សារុង ក្រមា​ មុង ភួយ អាវយឺត)​ ១ឃីត,​ ស្បែកជើង​,​ សម្លៀកបំពាក់​,​ ភេសជ្ជៈទឹកឃ្មុំ​១ឡូ,​ ទឹកត្រី​​​ ១២ដប,​ ទឹកស៊ីអុីវ​​ ១២ដប,​ ប្រេងឆា​​ ២ដប,​ អំបិល​ ​​​៥គីឡូ,​ ស្ករស​​​៥គីឡូ,​ កន្ទេល​​៣,​ កាបូប៣,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា ​​​១លានរៀល។ ដោយឡែក  លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ​ មី​​​ ត្រីខ​​​ សារុង ក្រមា​ មុង ភួយ អាវយឺត​ និងថវិកា​មួយចំនួនផងដែរ៕

ដោយ៖សិលា


ចែករំលែក៖