ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល បាននាំយកបច្ច័យព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀលជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល បានមានថេរដីកាថា ដោយដឹងថាសម្តេចតេជោមានគម្រោងទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩យកមកចាក់ជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃនោះ ក្នុងនាមព្រះសង្ឃទាំងអស់នៅក្នុងស្រុកស្អាង ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាលក្នុងការបរិច្ចាគបច្ច័យចំនួន៣០០០ដុល្លារ និង៦លានរៀលសម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
មានប្រសាសន៍នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងព្រះអំណរគុណចំពោះព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គទូទាំងស្រុកស្អាងដែលបានបរិច្ចាគនូវបច្ច័យដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
លោកបានបន្តថា ការចូលរួមនេះ គឺមានតម្លៃណាស់ និងជាការស្រលាញ់ គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ហើយក៏ជាការចូលរួមនិងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរ ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់៕ដោយ៖ឆ ដា