អន្តរជាតិ៖ ក្នុងគោលដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋសមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្តើមចាក់វាក់សាំងប្រឆាំងជំងឺនេះ នៅ១០ថ្ងៃខាងមុខ។ខណៈយុទ្ធនាការរបស់អឺរ៉ុប ធ្វើក្រោយការចាក់វ៉ាក់សាំងនៅអង់គ្លេស និងអាមេរិក ខណៈដែលអឺរ៉ុបផ្ទាល់ ត្រូវរងការរិះគន់ថា យឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងឲ្យពលរដ្ឋខ្លួន។
បើតាមការរំពឹងទុករបស់អាល្លឺម៉ង់ និងប្រទេសអឺរ៉ុបដទៃទៀត ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) អាចប្រកាសសេចក្តីសម្រេចឲ្យប្រើនៅថ្ងៃទី២១ខែធ្នូហើយសហភាពអឺរ៉ុប នឹងផ្ដល់ភ្លើងបៃតង នៅថ្ងៃទី២៣ ខែធ្នូ។ ខុសពីអង់គ្លេស សហភាពអឺរ៉ុប បានប្រើរយៈពេលជាច្រើនថ្ងៃដើម្បីពិនិត្យវ៉ាក់សាំងក្រុមហ៊ុន Pfizer មុននឹងអនុញ្ញាតឲ្យប្រើប្រាស់នៅអឺរ៉ុប។ ដោយសារតែប្រើរយៈពេលយូរបែបនេះ អឺរ៉ុបបានរងការរិះគន់មិនតិចទេ ពីសមាជិករបស់ខ្លួន។
បើតាមការប្រកាសរបស់អាល្លឺម៉ង់ អ៉ីតាលី អូទ្រីស និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន អះអាងថា អឺរ៉ុប នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនៅថ្ងៃទី២៧ ខែធ្នូ។
បើតាមរដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅអាល្លឺម៉ង់ យើងនឹងចាប់ផ្តើម នៅថ្ងៃទី២៧ខែធ្នូប្រសិនបើការអនុញ្ញាតត្រូវបានធ្វើឡើងដូចការគ្រោងទុក»។ លោក Jens Spahn បានលើកឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និងក្រុមហ៊ុន BioNTech ដែលសហការស្រាវជ្រាវវ៉ាក់សាំងជាមួយ Pfizer។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀត ក៏ចង់ចាប់ផ្តើមយុទ្ធនាការ ការចាក់វ៉ាក់សាំងនៅថ្ងៃដូចគ្នានេះដែរ។
សូមជម្រាបថា ផ្ទុយពីអាល្លឺម៉ង់ អ៉ីតាលី និងអូទ្រីស ហូឡង់មិនចង់ចាប់ផ្តើមយុទ្ធនាការការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យប្រជាជនខ្លួនលឿនពេកទេដោយរង់ចាំរហូតដល់ថ្ងៃទី៨ ខែមករា ខាងមុខ ដើម្បីពិនិត្យមើលពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងឲ្យបានច្បាស់លាស់ជាមុនសិន។
ជាក់ស្តែងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ មានដូចជា៖និស្សិតពេទ្យវេជ្ជបណ្ឌិតចូលនិវត្តន៍ ឱសថការី និងទាហានជាដើម។
គួរបញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងនេះ អឺរ៉ុបមានកាលវិភាគច្បាស់លាស់ដើម្បីផ្ដល់វ៉ាក់សាំងឲ្យប្រជាជនខ្លួនប្រមាណ ៤៥០លាននាក់នេះ។តាមការបញ្ជាក់របស់លោកស្រី អឺស៊ុឡា នៅថ្ងៃទី២៧, ២៨ និង ២៩ ខែធ្នូ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងចាប់ផ្តើមដឹកជញ្ជូនទៅប្រទេសអឺរ៉ុប៕ដោយ៖ស តារា