ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ តាមការចាត់តាំងរបស់លោករដ្ឋមន្រ្តី លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា ជូនដល់មន្រ្តីការទូតដែលទើបតែតែងតាំងថ្មី រួមមាន អគ្គទីប្រឹក្សា ទីប្រឹក្សា អគ្គកុងស៊ុល កុងស៊ុល និងលេខាធិការ ចំនួន៤៥រូប មុននឹងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈវីដេអូ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបជូនផងដែរ, នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ បានប្ដឹងព្រះរាជអាជ្ញារង ២រូប គឺលោក វុិត មឃ: និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំពោះការចោទប្រកាន់ ទៅលើជនត្រូវចោទ គ្មានហេតុផល គ្មានបទល្មើស ហើយចៅក្រមស៊ើបសួរ សម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បែជាតំណាងអយ្យការបន្តប្ដឹងឧទ្ទរណ៍។
បើយោងតាមដីកាអម របស់ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ដាក់ចូលប្រធានសាលាឧទ្ធរណ៍ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បែខាងសាលាឧទ្ធរណ៍ ចុះលេខទទួលដាក់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខណៈថ្ងៃនេះទើបនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
បញ្ហាខាងលើនេះ បង្ហាញឲ្យឃើញពីភាពមិនប្រក្រតី តាមផ្លូវតុលាការនៅសាលាដំបូងខេត្តកំពង់ស្ពឺ និងនៅសាលាឧទ្ធរណ៍៕
ដោយ៖ សិលា