ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតរថយន្តទាំងនោះយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកសៃអនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AU-0245 និងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AO-3332បានបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកសៃអនពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ2AW-8690បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករថយន្តសៃអនពណ៌ទឹកប្រាក់ពេញទំហឹង។ ចំណែកឯរថយន្តហុីយ៉ាន់ដាយដែលបើកពីក្រោយបានបួងចង្កូតគេចដែរតែគេចមិនផុតក៏បានបុកគូទរថយន្តសៃអនពណទឹកប្រាក់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កម៉ាកសៃអនពណ៌កណ្ដុរល្មែះយល់ព្រមសងថ្លៃការឲ្យខូចខាតទៅលើរថយន្តទាំងពីរគ្រឿងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖និន សុភ័ស្ដ


ចែករំលែក៖