ព័ត៌មានទាន់ហេតុការណ៍៖

គុយបាធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩លើមនុស្សដំណាក់កាលទីពីរ

ចែករំលែក៖

សារព័ត៌មាន BNEWS ​បានផ្សាយថា ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌល Vaccine Finlay (IFV) របស់ប្រទេសគុយបាបានប្រកាសថា​ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​ផលិតនៅក្នុងប្រទេសនេះ​បានធ្វើតេស្តលើមនុស្សដំណាក់កាលទីពីរ​​។
កាលពីថ្ងៃទី​១៧ខែធ្នូ ក្រុមអ្នកឯកទេសរបស់​Vaccine Finlay (IFV) បានប្រកាសថា​វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ មានឈ្មោះថា Soberana 02 ជាវ៉ាក់សាំងដំបូង​បង្អស់ដែលផលិតនៅក្នុងតំបន់អាមេរិកឡាទីន​ ឈានរហូតដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង។
តាមអ្នកសារព័ត៌មានរបស់TTXVN ប្រចំានៅទីក្រុង La Habana បានបង្ហោះលើបណ្តាញសង្គម​Twitter មជ្ឈមណ្ឌល IFV បញ្ជាក់ថា​វ៉ាក់សាំងបានសាកល្បងលើមនុស្សដំណាក់កាលដំបូងជោគជ័យ ហើយ ក្រសួងសុខាភិបាលអនុញ្ញាតឲ្យសាកល្បងដំណាក់កាលទីពីរ​ទៀត។ ការសាកល្បងលើកទីមួយ​តាំងពីខែវិច្ឆិកា​ ហើយទទួលបានលទ្ធផលយ៉ាងល្អក្រោយសាកល្បង​១៤ថ្ងៃ។
តាមក្រុមអ្នកជំនាញ​វ៉ាក់សាំង Soberana 02 មានប្រសិទ្ធភាព ខ្ពស់ក្នុងការបង្កើតអង់ទីគ័រ​ ក្រោយសប្តាហ៍ដំបូងនៃការចាក់សាកល្បង​។ បច្ចុប្បន្នគុយបា​បានសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ពីរប្រភេទ គឺ Soberana 01 និង​Soberana 02 ហើយនឹងបញ្ចប់នៃការសាកល្បងនៅចុងឆ្នាំ​២០២០នេះ។
បច្ចុប្បន្នមានប្រទេសជាច្រើនក៏បានផលិតវ៉ាក់សាំង​ដាច់ដោយឡែករបស់ខ្លួន​ហើយចាប់ផ្តើមធ្វើតេស្តលើមនុស្សហើយដែរ។ កាលពីថ្ងៃទី​១៧ខែធ្នូ វៀតណាមក៏បានចាប់ផ្តើមចាក់ធ្វើតេស្តលើមនុស្សជាលើកដំបូងដោយសង្ឃឹមថាទទួលបានជោគជ័យខ្ពស់ ៕ដោយ៖ធី រីណា

រូបភាព៖ AFP/TTXVN


ចែករំលែក៖