ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមានភាពពេញនិយមខ្លាំងគួរសមដែរនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយមានអ្នកលេងហ្គេមរាប់លានអ្នកបានទាញយកកម្មវិធីនេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគដ៏ល្បីមួយនោះ បានរកឃើញគេហទំព័រក្លែងក្លាយដែលមានរូបភាព និងទម្រង់ស្រដៀងនឹង Google Play Store ដែលជនអនាមិកបានប្រើដើម្បីចែកចាយកម្មវិធីហ្គេម Cyberpunk ដោយមានមេរោគអុិនគ្រីបទិន្នន័យដើម្បីជំរិតទារប្រាក់។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើងថា, ជាសំណាងល្អ ជនអនាមិកបានប្រើកម្មវិធីជំរិតទារប្រាក់ CoderWare ដើម្បីក្លែងបន្លំជាកម្មវិធីហ្គេមខាងលើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចធ្វើឱ្យអ្នកស្រាវជ្រាវឃើញនូវលេខកូដដែលគេបានប្រើដើម្បីអុិនគ្រីបទិន្នន័យ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មានចំណេះដឹងគួរសមដែរនោះ ពួកគេមិនចាំបាច់បង់លុយដើម្បីឌីគ្រីបទិន្នន័យបានមកវិញនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន MalwareHunterTeam ក៏បានរកឃើញកម្មវិធីជំរិតទារប្រាក់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows បន្លំធ្វើជាកម្មវិធី Windows Cyberpunk 2077 ដែលប្រើប្រាស់ប្រភេទមេរោគ BlackKingdom។ ដោយមើលឃើញពីហានិភ័យក្នុងការទាញយកកម្មវិធីដោយមិនបានបង់លុយនោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីផ្សេងៗ ម្យ៉ាងវិញទៀតសូមធ្វើការ backup ទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ ដើម្បីចៀសវាងពីការបាត់បង់ក្នុងករណីដែលមានការវាយប្រហារជំរិតទារប្រាក់ណាមួយនោះកើតឡើង៕
ដោយ៖ សុខ ខេមរា