ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីប្រុស៣នាក់លួចម៉ូតូពីក្រុងកំពង់ឆ្នាំងជាប់អន្ទាក់សមត្ថកិច្ចនៅស្រុកសាមគ្គីមានជ័យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមចោរស្រីប្រុស៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៅស្រុកសាមគ្គីមានជ័យ ស្ទាក់ចាប់បានបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងកាលពីម៉ោង១០និង៣០នាទី ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ នៅភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននេះមាន៖

១.ឈ្មោះ ឈិន ឈីត ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ជាជនដៃដល់ចូលលួចផ្ទាល់ ។

២.ឈ្មោះ ឯម ឈឿនបូរ៉ា ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិជ្រៃបាក់ ស្រុករលាប្អៀរជាអ្នកបើកឌុប ពេលលួចបានសំរេចរួចហើយ ។

៣.ឈ្មោះ ម៉ៅ និរតី ភេទស្រីអាយុ២៣ឆ្នាំ ស្នាក់នៅក្រោយផ្ទះ៥ជាន់ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ជាជនសមគំនិត ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ជា ដារា ភេទប្រុសអាយុ៦០ឆ្នាំ មានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុក្រុមជនសង្ស័យបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ប្រជាពលរដ្ឋ១គ្រឿង ម៉ាកហុងដា PCX ពាក់ស្លាកលេខកំពង់ឆ្នាំង1F.8366 ខណ:ដែលម្ចាស់ទុកចោលនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រោយពីធ្វើសកម្មភាពលួចបានហើយជិះសំដៅមកភ្នំពេញ ។នៅពេលជិះមកដល់ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យក៏ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ៖ចន្ថា


ចែករំលែក៖