ភ្នំពេញ៖ ដោយមេីលឃេីញព័ត៌មានតាមបណ្តាញហ្វេសប៊ុកដើម្បីស្វែងរកបងប្អូន នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោក សូត្រ ចិត្រា អតីតគ្រូបង្រៀនសាលាបឋមសិក្សាវត្តកោះ ដែលមានជំងឺប្រចាំកាយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលស្រុកសំបូរ ខេត្តក្រចេះជាស្រុកកំណើត។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់លោក សូត្រ ចិត្រា សូមប្រឹងប្រែងសម្រាកព្យាបាលជំងឺឱ្យបានឆាប់ជាសះស្បើយ និងត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះដែរ លោក បានធ្វើការទំនាក់ទំនងមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការសម្របសម្រួលក្នុងការធ្វើលិខិតបញ្ជាក់ពីសុខភាព និងស្ថានភាពជំងឺរបស់គាត់ដើម្បីទទួលបានប្រាក់បៀវត្សរ៍និងប្រាក់ឧបត្ថម្ភផ្សេងៗជាក់ស្តែងទៅតាមប្រវត្តិនិងអតីភាពការងារជូនគាត់ផងដែរ។
លោក សូត្រ ចិត្រា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៣កេស ត្រីខ ៣០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ ទឹកគោឆៅ១ដុំ និងថវិកា ១០លានរៀល៕
ដោយ៖សិលា