ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសុខភាពពិភពលោកបារម្ភយ៉ាងខ្លាំង ក្រោយអង់គ្លេសរកឃើញវីរុស កូវីដ-១៩ ប្រភេទថ្មី ឆ្លងរាលដាលលើសពីសមត្ថភាពគ្រប់គ្រង

ចែករំលែក៖

អាបងកូវីដ-១៩ មិនទាន់ទាំងគ្រប់គ្រងបានផង ពេលនេះអាកូវីដ-១៩ ប្អូនមកបន្ថែមទៀត ហើយមានសភាពឆ្លងរាលដាលខ្លាំងជាង កូវីដ-១៩ បច្ចុប្បន្នទៅទៀតបង្កក្តីបារម្ភយ៉ាងខ្លាំង។
សារព័ត៌មាន Guardian បានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានប្រកាសថា ស្ថានភាពបច្ចុប្បន្ន ពិតជាអាក្រក់ខ្លាំងណាស់ ក្រោយរកឃើញ កូវីដ-១៩ ថ្មីឆ្លងរាលដាល ខ្លាំង ជាងមុនទៅទៀត។ លោក Matt Hancock ក៏បានស្នើអនុវត្តការរឹតត្បិតបន្ថែមទៀតចាប់ពីថ្ងៃទី១៩ខែធ្នូនេះទៅ ហើយពលរដ្ឋអង់គ្លេស ត្រូវតែត្រៀមលក្ខណៈ ក្នុងស្ថានភាពអាសន្ន រយៈពេលប៉ុន្មានខែទៀត រហូតដល់ វ៉ាក់សាំងបានចាក់បង្ការដល់ពលរដ្ឋទូទាំងប្រទេស។
ពាក់ព័ន្ធវីរុសថ្មី អង្គការសុខភាពពិភពលោក WHO បានប្រកាសថា អង្គការនេះបានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង់គ្លេសក្រោយរកឃើញវីរុសកូវីដ-១៩វិវឌ្ឍថ្មី។ តាមការលើកឡើងរបស់ WHO កូវីដ-១៩ថ្មី (កូវីដ-១៩ ប្អូន) ឆ្លងរាលដាលខ្លាំងជាង (អាបង) ប៉ុន្តែនឹងមិនបង្កឲ្យមានអ្នកស្លាប់ច្រើនជាង (អាបង)នោះឡើយ។
នៅពេលនេះគេមិនទាន់ដឹងថា កូវីដ-១៩ថ្មី អាចនឹងទប់ស្កាត់បានដោយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដែលកំពុងតែចែកចាយនឹងប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេសនោះទេ។

តំណាងអង្គការសុខភាពពិភពលោក បានទំនាក់ទំនងជាមួយអង់គ្លេស ដើម្បីទទួលទិន្នន័យពាក់ព័ន្ធវីរុសថ្មី ដើម្បីចែកចាយព័ត៌មានច្បាស់លាស់ដល់ប្រទេសជាសមាជិករបស់WHO។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា វីរុសថ្មី អាចឆ្លងរាលដាលយ៉ាងលឿនបំផុត គឺលឿនជាង៧០ ភាគរយ ប្រៀបធៀបនិងវីរុសកូវីដ-១៩ ចាស់។
វីរុសកូវីដ-១៩ ថ្មីទើបតែរកឃើញនៅក្នុងប្រទេសអង់គ្លេស ប៉ុណ្ណោះ ហើយ ប្រទេសក្នុងតំបន់អឺរ៉ុបក្នុងនោះមានហុល្លង់ បានប្រកាសផ្អាកជើងហោះហើរទៅកាន់ប្រទេសអង់គ្លេសជាបណ្តោះអាសន្ន រង់ចាំដល់ការស្រាវជ្រាវទទួលបានលទ្ធផលច្បាស់លាស់ពីវិរុសកូវីដ-១៩ថ្មីសិន៕ដោយ៖ធី រីណា

រូបភាព៖ Holyrood Magazine


ចែករំលែក៖