ព័ត៌មានទាន់ហេតុការណ៍៖

នៅក្មេងសោះហ៊ានដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋ​ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ ៖​ កម្លាំងនគរបាលខណ្ឌដង្កោ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធនឹងករណីលួចកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ នៅចំណុចក្បែររង្វង់មូលកួរស្រូវក្នុងភូមិកណ្ដាល​ សង្កាត់រលួស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន​ទី១-ឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ម៉ក់ លាងហេង អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។​

រីឯជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះកយ បូរិន្ទ​ ភេទប្រុស​ អាយុ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប្លិ៍ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

    យោងតាមសម្ដីបុរសដែលជាម្ចាស់ម៉ូតូបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-8191 មកឡើងតខ្សែកាប្លិ៍តែមិនបានដកសោចេញពីម៉ូតូនោះទេ ខណៈពេលដែលគាត់ឡើងបានប្រហែលជាកម្ពស់៣ម៉ែត្រក៏មានជនសង្ស័យពីរនាក់បានមកសួរនាំគាត់ពីនេះពីនោះ ពេលនោះគាត់ក៏បានឡើងទៅលើបង្គោលភ្លើងបានកម្ពស់ប្រហែលជា៥ម៉ែត្រស្រាប់តែជនសង្ស័យទាំងពីរនាក់នេះបានធ្វើសកម្មភាពបញ្ឆេះម៉ូតូរបស់គាត់ហើយឡើងជិះបំណងគេចខ្លួន តែភ្លាមៗនោះគាត់ក៏សម្រូតចុះមកវិញនិងស្រែកថាចោរៗ ស្របពេលនោះក៏មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតឮនិងឃើញក៏ដេញតាម និងបោះដៃតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយស្ទាក់ដេញតាមជនសង្ស័យរហូតមកដល់ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោទើបជនសង្ស័យទាំងពីរនាក់បានផ្ដួលម៉ូតូចោលហើយរត់ចូលក្នុងទឹកបឹង។ ប៉ុន្តែទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធរហូតចាប់បានជនសង្ស័យទាំងពីរនាក់ដែលក្នុងនោះមានម្នាក់ទើបតែមានអាយុ១៣ឆ្នាំទេ។

    លោកវរសេនីយ៍ឯក ជឹម ស៊ីថា​ អធិការខណ្ឌដង្កោ បានប្រាប់ក្រុមការងារយើងឱ្យដឹងថា ដោយសារតែមានជនសង្ស័យម្នាក់អាយុ១៣ឆ្នាំជាអនីតិជនទើបលោកមិនទាន់សម្រេចបញ្ជូនឬយ៉ាងណានោះទេចាំឆ្លងយោបល់ពីថ្នាក់លើសិន។

ដោយឡែកជនសង្ស័យដែលមានឈ្មោះ សំរិត ចាវ អាយុ២០ឆ្នាំលោកបានបញ្ជាឲ្យជំនាញព្រហ្មទណ្ឌខណ្ឌកសាងសំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖