ខេត្តសៀមរាប៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្តរុះរើសំណង់នៅតាមបណ្តោយស្ទឹងសៀមរាប។
លោក អភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី។ ជាមួយគ្នានឹងការចុះពិនិត្យទីតាំងនេះ លោក អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវធ្វើការបោះបង្គោលព្រំឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងការទទួលគោលនយោបាយនេះ បងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចមានការធ្លាក់ចុះ បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរដល់រដ្ឋបាលជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់របស់ពួកគាត់មកទីតាំងថ្មី។
សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាបតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដបានចប់។
រដ្ឋបាលខេត្តសៀមរាបក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិការ ចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ខេត្តសៀមរាបឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕
ដោយ៖សិលា