ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណចំពោះក្រុមហ៊ុន ឡាយ សអុិនវេសមិន ដែលបានប្រគល់ម៉ាស់ ចំនួន១១ម៉ឺន៥ពាន់ម៉ាស់ ចែកថ្នាក់មូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអរគុណចំពោះក្រុមហ៊ុនឡាយ សអុិនវេសមិន ដែលបានប្រគល់ម៉ាស់ចំនួន១១ម៉ឺន៥ពាន់ ដើម្បីចែកជូនតាមមូលដ្ឋានបន្តទៀត។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការអរគុណបែបនេះខណៈរៀបចំពិធីប្រគល់ និងទទួលនូវម៉ាស់ ចំនួន ១១ម៉ឺន៥ពាន់ម៉ាស់ និងអាល់កុល៤៤កានពីក្រុមហ៊ុនឡាយ សអុិនវេសមិន និង សហការីនាព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ទាល់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនឡាយ សអុិនវេសមិនដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខាពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជា ។ ដោយឡែកថ្ងៃនេះ ក្រុមហ៊ុនឡាយ សអុិនវេសមិនក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកស្រី នូវការផ្តល់នូវម៉ាស់និងអាល់កុលទាំងនេះសម្រាប់បែងចែកជូនដល់ថ្នាក់មូលដ្ឋានបន្ត។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតក៏ដោយក៏ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ៣៦៣នាក់ អ្នកជាសះស្បើយមានចំនួន ៣៤៧នាក់ និងពុំមានអ្នកស្លាប់នោះឡើយ៕

ដោយ៖ សិលា


ចែករំលែក៖