ខេត្តក្រចេះ ៖ សត្វផ្សោតញីមួយក្បាលទម្ងន់ជាង២០០គីឡូក្រាម ត្រូវបានក្រុមប្រជាសហគមន៍នេសាទប្រទះឃើញងាប់អណ្តែតទឹកនៅចំណុចព្រែកខ្សោរ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នេះ ។
មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានបញ្ជាក់ថា សត្វផ្សោតញី ដែលងាប់នោះមានប្រវែងប្រមាណជា២៣០សង់ទីម៉ែត្រ ទម្ងន់ប្រហែល២០១គីឡូក្រាម ហើយសត្វផ្សោតនេះរស់នៅអន្លង់កាំពី ដែលមានលេខសំគាល់ID.95 ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងដែរថា ក្រោយពីបានទទួលព័ត៌មានពីក្រុមការងារឆ្មាំទន្លេនៅបុស្តិ៍កាំពី ជ្រោយបន្ទាយថាបានប្រទះឃើញសត្វផ្សោតមួយក្បាលងាប់នៅចំណុចទីតាំងខាងលើ ។
ខណ្ឌរដ្ឋបាលជលផល សហការជាមួយអង្គការ WWF ខេត្តក្រចេះ ឃើញថាសត្វផ្សោតដ៏ធំមួយក្បាលនេះបានងាប់ប្រហែល១ថ្ងៃមុន ព្រោះថាស្ថានភាពសត្វផ្សោតនៅស្រស់ល្អ។
លោក ម៉ុក ពន្លក បន្តថា មូលហេតុនៃការងាប់នេះ តាមការពិនិត្យជាក់ស្តែង សត្វផ្សោតនេះចាស់ ធ្មេញសឹករេចអស់ទាំងខាងលើនិងខាងក្រោម។ម៉្យាងទៀតនៅលើដងខ្លួន និងកន្ទុយផ្សោតនេះពុំមានស្នាមជាំឬដាច់រលាត់កន្ទុយនោះឡើយ។លោកថា ក្រោយពិនិត្យ និងវាស់វែងរួចក្រុមការងារជំនាញបានសម្រេចធ្វើការវះកាត់ ដើម្បីយកសំណាករក្សាទុកនៅ WWF ៕
ដោយ៖សូ រិយា