ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកស្វាយទាប និងនៅសង្កាត់បាទី ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក រស់ ផារិទ្ធ តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានចូលរួមអមដំណើរសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានអញ្ជើញនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ សរុបចំនួន ៣៥គ្រួសារ ក្នុងនោះនៅក្នុងឃុំប្រសូតិ ស្រុកស្វាយទាប ចំនួន ២៤គ្រួសារ (រលំទាំងស្រុង ៤គ្រួសារ ) និងនៅសង្កាត់បាទី ក្រុងបាវិត ចំនួន ១១គ្រួសារ។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងប្រតិភូក្រសួងព្រះបរមរាជវាំង លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោកស្រី អភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក មេឃុំពាក់ព័ន្ធ នៅស្រុកស្វាយទាប លោកអភិបាលក្រុងបាវិត និងមន្ត្រីរាជការមួយចំនួនទៀត។

ព្រះរាជអំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) មី ១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ (៤មx៦ម) និងអាវយឺតស្លាកព្រះរាជអំណោយ ចំនួនមួយ។ ដោយឡែកចំពោះថវិកា សម្រាប់គ្រួសាររលំផ្ទះ ចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៨០០.០០០រៀល និងគ្រួសាររងគ្រោះរបើកដំបូលផ្ទះ ចំនួន ៣១គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៤០០.០០០រៀល៕

ដោយ៖សិលា


ចែករំលែក៖