ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ

ចែករំលែក៖

ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោក Rolando Maran មានវ័យ៥៧ឆ្នាំត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទបន្ទាប់ពីការចាញ់ក្រុម Benevento ២-០។ គាត់ទើបតែបានចុះកុងត្រារយៈពេល២ឆ្នាំដើម្បីទទួលបន្ទុកដឹកនាំក្លិបនេះក្នុងខែសីហា។

ចំណែកលោក Ballardini ត្រូវបានក្លិបឲ្យដឹកនាំជំនួសលោក Rolando Maran ដែលនេះជាលើកទី៤ ហើយដែលបុរសវ័យ៥៦ឆ្នាំរូបនេះទទួលបន្ទុកនៅក្លិប Genoa លោកធ្លាប់ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅឆ្នាំ២០១០ ឆ្នាំ២០១៣ និងឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា ក្រុម Genoa ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៩ក្នុងក្របខ័ណ្ឌ Serie A ដោយមានតែ៧ពិន្ទុប៉ុណ្ណោះពីការប្រកួត១៣លើកដំបូងរបស់ពួកគេនៃរដូវកាលនេះ។ ពួកគេមិនបានឈ្នះនៅ Serie A ទេចាប់តាំងពីបានផ្តួលក្លិបបាតតារាងCrotone ៤-១ ក្នុងផ្ទះចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា។ ក្រុមនេះប្រឈមនឹងការកាត់ចោលពី Serie A ទៅលេងនៅ Serie B នៅរដូវកាលក្រោយប្រសិនបើទម្រង់លេងធ្លាក់ចុះបែបនេះ ៕

ដោយ៖ភារៈ


ចែករំលែក៖