ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​-​សិង្ហ​បុរី ជំរុញ​បន្ថែម​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ ​កម្ពុជា និង​សិង្ហបុរី បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ បន្ថែមទៀត ​ឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត ​ខណៈដែល​ឆាប់ៗ​ខាងមុខនេះ រដ្ឋាភិបាល​ប្រទេស​កម្ពុជា ​និង​សិង្ហបុរី ​គ្រោង​នឹង​ចុះហត្ថលេខា​ជាមួយគ្នា ​ដើម្បី​រួម​សហការ​គ្នា​បង្កើត​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

ក្នុងជំនួប​សម្ដែង​ការគួរសមនិងជម្រាបលាក្នុងឱកាសដែលលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា ​នឹងត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០២០​កន្លងទៅ ​នៅ​នៅទីស្តីការក្រសួងលោក បាន​ជម្រាប​ជូន​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋ​មន្ដ្រីក្រសួង​ពាណិជ្ជកម្ម ​ថា កម្ពុជា និង​សិង្ហ​បុរី ជា​ប្រទេស​តូច​មែន ​ប៉ុន្ដែ​មានការ​បើក​ជំហរ​សេដ្ឋកិច្ច​ដូចគ្នា​។ លោក បន្តទៀតថា​ ការបង្កើត​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​គឺ​ដើម្បី​ជួយ​គាំពារ​ដល់​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា ​កម្ពុជា និង​សិង្ហបុរី ​ជា​មិត្ត​ជិត ស្និត ហើយ​តែងតែ​រួម​សហការ​គ្នា​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ទៅវិញទៅមក ​ក្នុង​គ្រប់​វេទិកា​ទាំងអស់ ទាំង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក អាស៊ាន​ និង​វេទិកា​ផ្សេងៗ​ទៀត​ជាដើម​។ លោក បន្ថែមថា ​កន្លងមក​ក្រសួង ក៏បាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ធុរជន​សិង្ហ​បុរី​ជួបប្រទះ​កន្លងមក​ផងដែរ​។

ក្នុងឱកាស​នោះដែរ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ​បាន​ស្នើ​សុំឱ្យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​បន្ដ​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ នឹង​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ដែល​មកកាន់​អាណត្តិ​ថ្មី​។

ជាការ​ឆ្លើយតប លោករដ្ឋមន្ដ្រី បាន​ជម្រាប​ភាគី​ជំនួប​វិញ​ថា​ លោកនឹង​បន្ដ​សហការ​ជាមួយ ដោយ​ក្រសួងពាណិជ្ជកម្ម​កន្លង​មក មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិកា​រ​យ៉ាង​ល្អ​ជាមួយគ្នា​កន្លងមក ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បន្ដទៀត​។​ តួលេខ​ផ្តល់​ដោយ​ស្ថានទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ បង្ហាញថា ​គិត​ត្រឹម​៦​ខែ ឆ្នាំ​២០២០​នេះ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សិង្ហបុរី មាន​ទឹកប្រាក់​សរុប ​២​ពាន់​លាន​ដុល្លារ​៕

ប្រភព៖ BTV


ចែករំលែក៖