ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើតេស្តកូវីដ-១៩ចុងក្រោយរកឃើញវិជ្ជមាន៧នាក់នៅក្របខ័ណ្ឌ Premier League

ចែករំលែក៖

លីគកំពូលអង់គ្លេស (Premier League) បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា បុគ្គលចំនួន៧នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូលើកីឡាករ និងបុគ្គលិក១.៥៦៩នាក់នៃក្របខ័ណ្ឌ Premier League នេះបើយោងតាមការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពី Reuters

លីគកំពូលអង់គ្លេសមិនបានបង្ហាឈ្មោះមនុស្សដែលបានធ្វើតេស្តវិជ្ជមាន ឬក្លិបរបស់ពួកគេនោះទេប៉ុន្តែបាននិយាយថា ពួកគេនឹងត្រូវនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្សជាង១០០នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចំនួន១៦លើកមកហើយ

ក្លិប Newcastle United មានការរីករាលដាលជំងឺនេះនៅក្នុងក្រុម និងបុគ្គលិករបស់ពួកគេកាលពីដើមខែនេះដែលបានបង្ខំឱ្យក្លិបនេះត្រូវបិទកន្លែងហ្វឹកហាត់ និងពន្យារពេលការប្រកួតរបស់ពួកគេជាមួយក្រុម Aston Villa

អ្នកចាត់ការទូទៅលោក Steve Bruce បាននិយាយកាលពីសប្តាហ៍មុនថាកីឡាករនាក់មាផលប៉ះពាល់ដោយវីរុសនេះមានប្រធានក្រុម Jamaal Lascelles និងខ្សែបម្រើស្លាប Allan Saint-Maximin គឺជាកីឡាករដែលធ្វើតេស្តវិជ្ជមាន

ក្លិបខ្លះត្រូវបានអនុញ្ញាតឱ្យបើកកីឡដ្ឋានឡើងវិញសម្រាប់អ្នកគាំទ្រអតិបរមា២០០០នាក់ ប៉ុន្តែភាគច្រើនបានត្រឡប់ទៅលេងដោយបិទទ្វាររួមទាំងក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងបន្ទាប់ពីរដ្ឋាភិបាលបានរឹតបន្តឹងនៅក្នុងទីក្រុងកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងវីរុសកូវីដ-១៩ជាង២លាននាក់ និងមានអ្នកស្លាប់ជាង៦៧.០០០នាក់។ បណ្តាប្រទេសនៅទូទាំងពិភពលោកបានបិទព្រំដែនរបស់ពួកគេទៅកាន់ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទដោយសារតែការភ័យខ្លាចអំពីករណីឆ្លងថ្មីដែលកំពុងរីករាលដាលខ្លាំង

ដោយ៖ភារៈ (រូបថតReuters)


ចែករំលែក៖