តាមការិយាល័យជំរឿនប្រជាជនអាមេរិក បានប្រកាសឲ្យដឹងថានៅក្នុងឆ្នាំ២០២០នេះ កំណើនប្រជាជនមានតែ ៦,៦ភាគរយប៉ុណ្ណោះ គឺទាបបំផុតមិនធ្លាប់មានរយៈពេលជាង១២០ឆ្នាំកន្លងមក។ បច្ចុប្បន្ន អាមេរិកមានពលរដ្ឋសរុប៣២៩,២លាននាក់ ។
ជាមួយនឹងការធ្លាក់ចុះនៃកំណើនប្រជាជនបានធ្វើឲ្យក្រុមអ្នកជំនាញអាមេរិកបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចុះចំនួនប្រជាជន។ ចំណែកមនុស្សចាស់កើនឡើង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
តាមតួលេខរបស់ការិយាល័យជំរឿនប្រជាជនអាមេរិក បង្ហាញឲ្យឃើញថា ចំនួនប្រជាជនកើនឡើងតែ៦,៦%ប៉ុណ្ណោះ គឺតិចជាង កាលពីវិបត្តិសេដ្ឋកិច្ចអាមេរិកកាលពីជាង១ទសវត្សរ៍កន្លងមក ដោយនៅពេលនោះមានកំណើនពលរដ្ឋជាង៧,៣%។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនពលរដ្ឋអាមេរិក មានចាប់ពី ១០-១៧%។នៅក្នុងឆ្នាំ ២០២០ ចំនួនពលរដ្ឋអាមេរិក កើនឡើង១,១លាននាក់ គឺទាបបំផុតចាប់តាំងពីអាមេរិកធ្វើជំរឿនប្រជាជនតាំងពី១២០ឆ្នាំកន្លងមក។
លោក William Frey ដែលជាអ្នក ប្រជាសាស្ត្រជាន់ខ្ពស់នៃវិទ្យាស្ថាន Brookings និយាយថា ការប៉ាន់ប្រមាណជំរឿនថ្មីទាំងនេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហានៃកំណើនប្រជាជនដូចជាប្រទេសមួយចំនួនដែរ។
កន្លងមកមានប្រទេសជាច្រើនបារម្ភពីការផុតពូជដោយសារតែចំនួនប្រជាជនរបស់ខ្លួនធ្លាក់ចុះ ពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ។ ចំណែកមនុស្សចាស់កើនឡើង តែទារកកើតមកមានចំនួនតិច។
ចំនួនស្ត្រីសម្រាលកូនជាមធ្យមនៅអាមេរិកធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣៥ឆ្នាំកន្លងមក។ មួយវិញទៀតគឺ ចំនួនជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ធ្លាក់ចុះដល់ទៅ៧០ភាគរយ ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។
ការធ្លាក់ចុះនៃកំណើនប្រជាជនឆ្នាំនេះដោយសារតែបញ្ហាសុខភាព និងការឆ្លងរាលដាលកូវីដ-១៩ ទ្រង់ទ្រាយធំ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ជាហេតុធ្វើឲ្យមនុស្សជាច្រើនសម្រេចមិនទាន់យកកូន។ ជាមួយគ្នានេះអាមេរិក ក៏មានគម្រោងឲ្យជនភៀសខ្លួនដែលមានវ័យក្មេងចូលក្នុងប្រទេសរបស់ខ្លួនច្រើន ដែលអាចបង្កើតកូនបានច្រើន៕ដោយ៖ធី រីណា