ព័ត៌មានទាន់ហេតុការណ៍៖

លេចចេញរឿងចម្រូងចម្រាសរវាងបេក្ខនារី និងអ្នកគ្រប់គ្រងកម្មវិធីប្រកួតកញ្ញាឯកMiss Cambodia 2020

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកនិយមតាមដានកម្មវិធីប្រកួតកញ្ញាឯកក្រោយពីលេចចេញភាពចម្រូងចម្រាសរវាងបេក្ខនារីប្រកួតកញ្ញាឯក Miss Cambodia 2020 ម្នាក់ និងអ្នកផលិតកម្មវិធីរហូតលេចចេញសារឆ្លើយឆ្លងទៅវិញទៅមកកាលពីរាត្រីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២០។

កម្មវិធីប្រកួតសម្រស់ Miss Cambodia 2020 បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយកាលពីរាត្រីថ្ងៃទី២៣ ខែធ្នូនេះដោយរកឃើញម្ចាស់មកុដរួចទៅហើយ ប៉ុន្តែមុនបញ្ចប់ការប្រកួតក៏ស្រាប់តែលេចចេញរឿងរ៉ាវចម្រូងចម្រាសមួយគឺ ក្រោយពីគណនីហ្វេសប៊ុកផ្លូវការរបស់កម្មវិធីMiss  Cambodia Pageant បានប្រកាសថាបេក្ខនារីពាក់ស្លាកលេខ២កញ្ញា សាន់ វិច្ឆិកា បានប្រព្រឹត្តិខុសទៅនឹងវិន័យ និងលក្ខន្តិកៈនៃកម្មវិធីប្រកួតយ៉ាងធ្ងន់ធ្ងរមានដូចជាពុំបានមកធ្វើការហ្វឹកហាត់ និយាយកុហកខុសនឹងការសន្យាពុំអាចទំនាក់ទំនងបានជាដើម។ ក្រុមហ៊ុនផលិតកម្មវិធីក៏បានប្រកាសឲ្យបេក្ខនារីរូបនេះទំនាក់ទំនងមកកាន់ក្រុមហ៊ុនរយៈពេល៣ថ្ងៃ មុនពេលដែលក្រុមហ៊ុនមានចំណាត់ការទៅតាមផ្លូវច្បាប់។ ក្រៅតែពីការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកខាងលើ កម្មវិធីក៏បានឲ្យពិធីករប្រកាសអំពីការដកបេក្ខភាពប្រកួតរបស់បេក្ខនារីខាងលើក្នុងកម្មវិធីផ្សាយបន្តផ្ទាល់កាលពីរាត្រីថ្ងៃទី២៣ខែធ្នូនេះផងដែរក្រោមមូលហេតុមិនគោរពលក្ខន្តិកររបស់កម្មវិធី និងស្នើឲ្យផលិតករ និងក្រុមហ៊ុននានាពិចារណាឡើងវិញកលើការផ្តល់ឱកាសសម្រាប់បេក្ខនារីខាងលើ។

ធ្វើការបង្ហោះវីដេអូតបទៅនឹងការចោទប្រកាន់នេះដែរ កញ្ញា សាន់ វិច្ឆិកា បានលើកឡើងដោយបង្ហាញពីចំណុចសំខាន់មួយចំនួនដែលនាងខកខានចូលរួមប្រកួត ដោយនាងលើកឡើងថាមិនមែនជាការដកបេក្ខភាពឡើយគឺនាងសម្រេចចិត្តមិនចូលរួមប្រកួត ហើយការបញ្ជាក់ទៅកាន់កម្មវិធីគឺបានបញ្ជាក់មុនមួយថ្ងៃនៃកម្មវិធីចាប់ផ្តើម។ នាងថាមូលហេតុនៃការដកខ្លួនចេញគឺថ្ងៃមួយពេលព្រឹកដែលនាងខកខាននៃការចូលរួមហ្វឹកហាត់ពីព្រោះតែនាងពុលចំណីរហូតរាករូសទន់ខ្លួនមិនអាចចូលរួមហាត់បានទើបផ្ញើសារបញ្ជាក់ទៅកាន់អ្នកហ្វឹកហាត់ និងសុំធ្វើការហ្វឹកហាត់នៅពេលថ្ងៃ ។ នាងថាអ្វីដែលនាងហួសចិត្តគឺពេលទៅដល់ត្រូវបានគេសួរមូលហេតុ និងចោទជាសំណួរមកវិញថាមិនមែនសល់ចំហាយណាហី?គឺជាពាក្យដែលនាងមិនអាចទទួលយកបានក្នុងន័យថានាងដើរដាច់យប់។ នាងថាជាកម្មវិធីប្រកួតកញ្ញាឯកប្រកួតចំណេះដឹងមិនគួរប្រើប្រាស់ភាសាបែបនេះមកកាន់បេក្ខនារីឡើយ ហើយនាងស្នើដកខ្លួនចេញចាប់តាំងពីថ្ងៃនោះមកម្ល៉េះ ប៉ុន្តែដោយការសម្របសម្រួលនាងក៏សុខចិត្តទទួលយក។ នាងបញ្ចាក់ដែរថា កាលពីថ្ងៃទី២២ នាងក៏បានស្នើសុំដកខ្លួនជាថ្មីពីការប្រកួតព្រោះតែមានកិច្ចការងារបន្ទាន់ប៉ុន្តែខាងអ្នកផលិតកម្មវិធីមិនព្រម គឺមិនមែនប៉ុន្មាននាទីមុនពេលប្រកួតឡើយ។ អ្វីដែលនាងមិនសប្បាយចិត្តផងដែរគឺការប្រកាសនៅលើឆាកកម្មវិធីដែលមានមនុស្សរាប់លាននាក់ទស្សនា ដែលនាំឲ្យនាងបាត់បង់កិត្តិយស ហើយនាងពិតជាមិនអាចទទួលយកបានទេ។ នាងថានាងមានសិទ្ធិក្នុងការដកខ្លួនចេញពីការប្រកួត។ នាងក៏មានពាក្យ ចោទសួរទៅកាន់អ្នកផលិតកម្មវិធីដែរដែលពាក្យថា”សុំមួយយប់សុំមួយយប់មកមានន័យថាម៉េច? នាងចាត់ទុកការប្រកាសរបស់ក្រុមហ៊ុនខាងលើនឹងកាន់តែធ្វើឲ្យបាត់បង់ការគាំទ្រពីទស្សនិកជនលើកម្មវិធីប្រកួតមួយនេះ។ តាមរយៈការបកស្រាយនេះនាងរំពឹងថាទស្សនិកជននឹងបានយល់ច្បាស់អំពីមូលហេតុនៅពីក្រោយការចាកចេញនេះ៕

ដោយ វឌ្ឍនា


ចែករំលែក៖