ព័ត៌មានទាន់ហេតុការណ៍៖

ចិន​ខឹងសម្បារនឹង អាមេរិក ក្រោយអនុម័ត​ច្បាប់គាំទ្រជ្រើសរើស​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា

ចែករំលែក៖

អន្តរជាតិ៖ ប្រធាន​រដ្ឋបាលកណ្តាល​ទី​បេ លោក Lobsang Sangya ដែលជា​រដ្ឋាភិបាល​ទី​បេ​និរទេស​នៅ​ឥណ្ឌា នៅ​ថ្ងៃទី​២២ ខែធ្នូ ថ្មីៗនេះបាននិយាយថា ការអនុម័ត​ច្បាប់​គោលនយោបាយ និង​គាំទ្រ​ទី​បេ (TPSA)​ ដោយ​សភា​តំណាង និង​ព្រឹទ្ធសភា​អាមេរិក ជា​រឿង​ប្រវត្តិសាស្ត្រ​។ ខណៈច្បាប់​នេះ ​តម្រូវ​ឲ្យ​អាមេរិក បង្កើត​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ឡា​សា នៃ​តំបន់​ទី​បេ ក៏ដូចជា​គាំទ្រ​សិទ្ធិ​របស់​ជនជាតិ​ទី​បេ​ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ការជំរុញ​ឲ្យ​មាន​សន្ទនា​រវាង​រដ្ឋាភិបាល​ចិន និង​សម្តេច​សង្ឃ​ទី​បេ​ផង​។​ ប៉ុន្តែការអនុម័ត​ច្បាប់​របស់​អាមេរិក​នេះ បានធ្វើ​ឲ្យ​ចិន​ខឹងសម្បារដោយសារតែ​រដ្ឋាភិបាលចិន​ អះអាងថា មានតែ​រដ្ឋាភិបាល​ខ្លួន​ទេ​ដែលមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​នេះ​។

បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថាមេដឹកនាំ​ទី​បេ​ ដែល​និរទេស​ខ្លួនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «​ជាមួយនឹង​ការអនុម័ត​ច្បាប់​នេះ សភា​អាមេរិក​បានបង្ហាញ​សារ​ថា ទី​បេ បន្ត​ជា​អាទិភាព​របស់​អាមេរិក ហើយ​អាមេរិក​នឹង​បន្ត​ការគាំទ្រ​ចំពោះ​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា និង​រដ្ឋបាលកណ្តាល​ទី​បេ​»​។ បន្ថែមពីនេះ លោក​Sangay បានបញ្ជាក់ទៀតថា នេះ​ជា​ជ័យជម្នះ​សម្រាប់​សេរីភាព​ជនជាតិ​ទី​បេ​។

​ជាក់ស្តែងក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពីថ្ងៃទី​២២ ខែធ្នូ ថ្មីៗនេះ លោកWang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានស្នើ​ប្រធានាធិបតី​អាមេរិក​កុំ​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។​ ការលើកឡើងបែបនេះ ខណៈការអនុម័ត​ច្បាប់​ដោយ​សភា​អាមេរិក​ក្នុងការ​គាំទ្រ​សិទ្ធិ​ជនជាតិ​ទី​បេ​ក្នុងការ​ជ្រើសរើស​អ្នក​ស្នង​តំ​ណែ ធ្វើ​ឲ្យ​ចិន​ប្រតិកម្ម និង​ចោទ​អាមេរិក​ពី​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​។ តាំងពីដើម​មកចាត់ទុក​សម្តេច​សង្ឃ​ដា​ឡៃឡា​ម៉ា បច្ចុប្បន្ន ជា​អ្នកបះបោរ​ដ៏​គ្រោះថ្នាក់​ក្នុងការ​ផ្តាច់​តំបន់​ទី​បេ​ពី​ចិន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានសង្កត់ធ្ងន់ថា «​យើង​ទទូច​ឲ្យ​ភាគី​អាមេរិក ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ចៀសវាង​ការចុះហត្ថលេខា​អនុម័ត​ច្បាប់​នេះ ដើម្បី​បញ្ចៀស​ការប៉ះពាល់​លើ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​»​។

សូមរម្លឹកថា រដ្ឋាភិបាលចិន​ នៅ​ឆ្នាំ​១៩៥០ បាន​បញ្ជូន​កងទ័ព​ទៅកាន់​កាប់​ទី​បេ ដោយ​អះអាងថា ជាការ​រំដោះ​ដោយ​សន្តិភាព​។ ចាប់ពីពេលនោះ​មក ទី​បេ​ក្លាយជា​តំបន់​ដែល​មានការ​រឹតត្បិត​ជាងគេ និង​រសើប​បំផុត​ក្នុងប្រទេស​ចិន​។ចំណែក​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា បាន​និរទេស​ចេញពី​ទី​បេ​ក្នុង​ឆ្នាំ​១៩៥៩ក្រោយ​បរាជ័យ​ក្នុងការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ចិន​។​

​ដោយឡែកចំពោះការជ្រើសរើស​សម្ដេច​ស​ង្ឃ​ដា​ឡៃ ឡា​ម៉ា ថ្មីនេះដែរ គឺជា​រឿងចម្រូងចម្រាស​មួយ​ផងដែរ។ ព្រោះកន្លងទៅ​ចិន ធ្លាប់បាន​អះអាងថារដ្ឋាភិបាល​របស់ខ្លួន​មាន​សិទ្ធិ​ក្នុងការ​យល់ព្រម​លើ​សំណើ​ក្នុងការ​តែងតាំង​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ដែល​ស្នើ​ដោយ​សម្ដេច​សង្ឃប៉ាន​ឈិន ឡា​ម៉ា ។ ​

សូមជម្រាបដែរថា សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ជា​បុគ្គលិក​មាន​ឥទ្ធិពល​ទី​ពីរ​នៅ​ទី​បេ និង​ជា​អ្នកកំណត់​បេក្ខភាព​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ាថ្មី​ដែរ​។ ប៉ុន្តែ​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ពិតប្រាកដ​ត្រូវ​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិនហើយក៏​តែងតាំង​អ្នកថ្មី ដែល​បច្ចុប្បន្ន​ជា​សមាជិក​ជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន​ផង​។

គួរបញ្ជាក់ថា ប្រជាជន​ទី​បេ ពិសេស​អ្នក​និរទេស​ខ្លួន មិន​ទទួលស្គាល់​​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ចិន​ឡើយ ហើយ​ទាមទារ​ឲ្យ​ចិន​ដោះលែង​​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ពិតប្រាកដ​វិញ​៕ដោយ៖ស តារា


ចែករំលែក៖