ខេត្តកណ្តាល ៖ មានអ្នកធំជានាយនគរបាលបានរំលោភយក ដីចំណីព្រែក និងធ្លាប់ជាកំពង់ទឹកមួយកន្លែង ស្ថិតនៅក្នុងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋដឹងគ្រប់គ្នាដឹងថា ជាដីកេរសម្រាប់ពលរដ្ឋប្រើប្រាស់រួមគ្នា ដោយគិតមកដល់ពេលនេះ ជាដីមិនមានប្លង់កម្មសិទ្ធិរបស់អ្នកណាម្នាក់នោះឡើយ ដោយគ្រាន់តែគេដឹងថា អ្នកធ្លាប់គ្រប់គ្រងមកដល់ពេលនេះមានឈ្មោះ តាឆាំ យាយទូច, តាហ៊ឹម យាយឡៃ, តាអៀង យាយទ្រព្យ, តាថន យាយភួង ស្រាប់តែពេលថ្មីៗនេះបែរជាលោក ជឹម រស្មី ជាមន្ត្រីនរគបាលបម្រើការងារនៅបណ្ឌិតសភានគរបាលជាតិ ចង់ទន្ទ្រានយកលែងទុកឱ្យពួកគាត់ប្រើប្រាស់ទៅវិញ។ ជុំវិញបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ រក្សាទុកសម្បត្តិរួមភូមិទាំងអស់គ្នា។
នៅក្នុងការចុះសម្របសម្រួលដីចំណីព្រែក ដែលដឹកនាំដោយលោក ប៉ូច លីស្រ៊ុន មេឃុំរកាកោងទី២, លោក តឹក តារា នាយប៉ុស្តិ៍រកាកោងទី២ រួមនឹងកំលាំងអាជ្ញាធរភូមិ ឃុំ ជាច្រើនរូប នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ប៉ូច លីស្រ៊ុន បានឱ្យដឹងថា ចំពោះករណីនេះគឺលោកបានហៅឈ្មោះ ជឹម រស្មី នេះ មកដោះស្រាយសំរបសម្រួល២ដងរួចមកហើយ តែមិនត្រូវគ្នានោះទេ ដោយឈ្មោះ ជឹម រស្មី មិនព្រមទទួលយកការសម្របសម្រួលនោះទេ ហើយចំពោះសំណុំរឿងនេះលោកក៏បានបញ្ជូនទៅដល់ស្រុក រួចហើយដែរ ដើម្បីធ្វើការដោះស្រាយ តែដោយសារស្រុកមិនទាន់បានដោះស្រាយផងឈ្មោះ ជឹម រស្មី បែរជាដឹកថ្មយកមកចាក់ដោយមិនទាន់មានការយល់ស្រប ពីភាគីណានោះទេ។
លោក ប៉ូច លីស្រ៊ុន បានបន្ថែមថា សម្រាប់ដីដែលមានទំនាស់នេះដែរកាលពីដំបូងឡើយគឺមានទំហំរហូតដល់ ២០ម៉ែត្រឯនោះ ហើយក៏ត្រូវបានឈ្មោះ ជឹម រស្មី ដែលត្រូវបានគេដឹងថា គាត់ជាកូនប្រសាររបស់ តាឆាំ យាយទូច បានកាត់យកអស់១៥ម៉ែត្រ ដើម្បីដាក់ជួលឱ្យគេរួចទៅហើយ តែមិនមានពលរដ្ឋណាបានប្តឹងផ្តល់នោះទេ រហូតដល់ថ្មីៗឈ្មោះ ជឹម រស្មី បែរជាចង់រំលោភយកទាំងអស់ដើម្បីបិទលែងទុកសម្រាប់ពលរដ្ឋប្រើប្រាស់ ទើបពួកគាត់បានស្នើឱ្យឃុំជួយដោះស្រាយទុកកន្លែងខ្លះ ដើម្បីឱ្យពួកគាត់បានប្រើប្រាស់។
លោក ប៉ូច លីស្រ៊ុន បានបន្ថែថា សម្រាប់ដីដែលឈ្មោះ ជឹម រស្មី យកជួលឱ្យគេអស់ចំនួន១៥ម៉ែត្រនោះ ក្នុងនោះប្រជាពលរដ្ឋម្ចាស់ដីដែលធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៧៩ មកនោះ មិនទាមទារវិញនោះទេ ដោយគាត់គ្រាន់តែចង់ទុកដីសម្រាប់ប្រើប្រាស់រួម ដែលនៅសល់ទំហំត្រឹមតែ ៤.៨ម៉ែត្រ X៦ម៉ែត្រនេះតែប៉ុណ្ណោះ ដើម្បីទុកជាកន្លែងសម្រាប់ចុះដងទឹកដើម្បីស្រោចស្របដំណាំរបស់ពួកគាត់តែប៉ុណ្ណោះ។
លោក ប៉ូច លីស្រ៊ុន មេឃុំរកាកោងទី២ បានបញ្ជាក់ទៀតថា ទោះជាយ៉ាងណាក៏ដោយ ដីចំណីព្រែកនេះមិនមែនជាដីរបស់អ្នកណាម្នាក់ឡើយ គឺជាដីរបស់រដ្ឋដែលទុក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដ៏រាបណាមិនទាន់មានច្បាស់ចេញមកថាជារបស់អ្នកណានោះទេ ដីនេះត្រូវតែទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ មិនអាចឱ្យអ្នកណាម្នាក់ កាន់កាប់បានឡើយ។
នៅក្នុងលិខិតមួយរបស់មេឃុំរកាកោង 2 បានធ្វើរបាយការណ៍ជូនអភិបាលនៃគណៈអភិបាលស្រុកមុខកំពូល ជុំវិញបញ្ហាខាងលើនេះ កាលកំឡុងខែវិច្ឆិកាឆ្នាំ ២០២០។ ប៉ុន្តែនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក តុង សុីវមុី អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល បានថ្លែងប្រាប់អង្គភាព នគរដ្រេហ្គន ថា, ករណីខាងលើនេះ លោកអត់ទាន់ទទួលបានព័ត៌មាននៅឡើយទេពីអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ។ លោកអភិបាលបន្តថា ចាំមើលខ្ញុំសួរទៅថ្នាក់មូលដ្ឋាន តើមានករណីនេះកើតឡើងឬមួយយ៉ាងណា ដើម្បីមានវិធានការឬរកដំណោះស្រាយ៕
ដោយ៖សិលា