ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី​ហាមពលរដ្ឋ​ចូលរួមបុណ្យគ្រឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ

ចែករំលែក៖

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ី​បានសម្រេចចេញច្បាប់ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាក្នុងឱកាសបុណ្យគ្រិឹស្តស្មាស់និងទទួលឆ្នាំថ្មី​នៅទីសាធារណៈ។ ច្បាប់ហាមប្រាមនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៨ខែមករាឆ្នាំ​២០២១។
ច្បាប់ហាមប្រាមនេះដោយសារតែចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់​​ក្រោយការឈប់សម្រាកពិធីបុណ្យនៅចុងខែតុលា​ឆ្នាំ​២០២០ ។ កម្លាំងទាហាន និងប៉ូលិស​នឹងចូលរួមដើម្បីធានាដល់ការអនុវត្តច្បាប់របស់ពលរដ្ឋ​​។ ពិធីបាញ់កាំជ្រួចឆ្នាំថ្មីក៏នឹងត្រូវលុបចោលផងដែរ​។
​បើទោះបីចេញច្បាប់ហាមប្រាមពលរដ្ឋ​ជួបជុំគ្នា​ស្វាគមន៍ឆ្នាំថ្មីក្តី ប៉ុន្តែ រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្ត​ក្នុងប្រទេសដោយអនុវត្តទៅតាមច្បាប់គម្លាតពីគ្នា ។ អ្នកទេសចរចូលទៅកាន់កោះបាលី​នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត​ មុនពេលធ្វើដំណើរ​២ថ្ងៃ ។
អ្នកទេសចរចូលទៅកាន់រដ្ឋធានីចាការតា និឹងត្រូវធ្វើតេស្ត​រហ័ស​ដែលបានដាក់ពង្រាយនៅច្រកចូលក្នុងទីក្រុង ។ ចំណែកក្រសួង​សាសនាឥណ្ឌូនេស៊ី​បានណែនាំគ្រិឹស្តបរិស័ទធ្វើពិធីបន់ស្រន់នៅតាមផ្ទះដោយមិនចាំបាច់មកកាន់ព្រះវិហារជួបជុំគ្នាឡើយ។
គិតមកដល់ថ្ងៃទី​២៤ខែធ្នូនេះ​ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ685.639 នាក់​និងស្លាប់​20.408 នាក់ផងដែរ​៕

ដោយ៖ធី រីណា


ចែករំលែក៖