ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី៖ ប៉ាម៉ាក់ សោកស្ដាយឆ្នាំនេះមិនបានជួបជុំកូនៗ នៅអង្គការផ្ទះបាយកុមារ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅបន្តវាយលុក

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានរំលឹកនូវអនុស្សាវរីយ៍ ភាពដ៏ស្និទ្ធស្នាលបំផុត រវាងកុមារៗ ដែលរស់នៅក្នុង(អង្គការផ្ទះបាយកុមារ) កន្លងទៅតែងតែជួបគ្នារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះត្រូវបានអាក់ខាន ដោយសារស្ថានភាពកូវីដ-១៩ នៅមិនទាន់ផុតរលត់។ ក្នុងនោះលោកបានថ្លែងយ៉ាងដូច្នេះថា, ជារៀងរាល់ឆ្នាំ ពួកយើងតែងតែបានជួបជុំគ្នាចែករំលែកក្តីស្រលាញ់ និងភាពសប្បាយរីករាយជាមួយកូនៗនៅអង្គការផ្ទះបាយកុមារ។ ឆ្នាំនេះដោយសារជំងឺកូវីដ-១៩ មិនទាន់សាបរលត់បាត់អស់ បានធ្វើឱ្យយើងមិនអាចរៀបចំកម្មវិធីជួបជុំគ្នាបាន។ ប៉ាម៉ាក់ និងបងៗទាំងអស់គ្នាមានសេចក្តីនឹករឭកដល់កូនៗទាំងអស់គ្នាយ៉ាងខ្លាំង ហើយពិតជាចង់ជួបគ្នាឆាប់ៗនេះណាស់។

លោក ហ៊ុន ម៉ានី បានលើកឡើងថា, ទោះជាយ៉ាងណាក្តី ប៉ាម៉ាក់ និងបងៗក៏បានរៀបចំកាដូ និងអាហារចែកដល់កូនៗនៅតាមកន្លែងរស់នៅផងដែរ។ ប៉ាម៉ាក់សង្ឃឹមថាកូនៗនឹងទទួលបានភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ។

លោកក៏សូមេអោយ កូនទាំងអស់គ្នាថែរក្សាសុខភាព អនុវត្តវិធានអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ៕

ដោយ៖សិលា


ចែករំលែក៖