ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! លោក អា​បេ ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង​សំណុំរឿង​ លេខា​លោក​ចាយលុយ​រៀបចំ​ពិធី​ជួបជុំ​អ្នកគាំទ្រ

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុតនៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២០នេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ នៅមុខសភាជប៉ុន លោកបានចេញមុខសុំទោសជាសាធារណៈក្នុងសំណុំរឿងលេខាលោកចាយលុយរៀបចំពិធីជួបជុំអ្នកគាំទ្រខណៈកាលពីខែមុន លោកអាបេ បដិសេធនៅចំពោះមុខសភាថាការិយាល័យនយោបាយលោកមិនបានបំពានច្បាប់មូលនិធិនយោបាយដ៏តឹងរ៉ឹង ប៉ុន្តែនៅថ្ងៃទី២៤ ខែធ្នូ លោកទទួលបានស្គាល់ករណីនេះ តែអះអាងថា លោកអត់បានដឹងរឿងឡើយ ហើយលោក នឹងកែប្រែចម្លើយលោកវិញនៅមុខសភា

ជាក់ស្តែងកាលពីឆ្នាំមុន នៅពេលសាកសួរពីសំណាក់តំណាងរាស្ត្របក្សប្រឆាំងក្នុងសភា លោក អាបេ ស៊ិនហ្សូ បានឆ្លើយបដិសេធម្ដងហើយម្ដងទៀតលើការចោទប្រកាន់ថា ការិយាល័យនយោបាយរបស់លោក បានជួយរ៉ាប់រងការចំណាយសម្រាប់កម្មវិធីជួបជុំអ្នកគាំទ្រក៏ប៉ុន្តែនៅថ្ងៃទី ២៤ខែធ្នូ ម្សិលមិញនេះអំឡុងសន្និសីទព័ត៌មានអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានគូសបញ្ជាក់ថា លោកអត់ដឹងឮពាក់ព័ន្ធការចាត់ចែងមូលនិធិរបស់ការិយាល័យលោកឡើយ តែលោកមានការទទួលខុសត្រូវខ្ពស់ចំពោះស្ថានការណ៍នេះ

លោក អាបេ បានបញ្ជាក់បន្ថែមថា៖«​ខ្ញុំមិនអាចជួយអ្វីបាន ក្រៅពីពន្យល់ការពិត និងកែប្រែចម្លើយខ្ញុំនៅមុខសភា​»​ ខណៈលោកក៏នឹងទៅបំភ្លឺនៅមុខសភាជប៉ុន នៅថ្ងៃទី ២៥ ខែធ្នូនេះ។ លោក បន្តថា ទោះបីជាការចាត់ចែងលុយកាក់ បានធ្វើឡើងដោយគ្មានការដឹងឮរបស់លោកតែលោកមានអារម្មណ៍ថាខុស ហើយលោកសុំទោសដល់ពលរដ្ឋជប៉ុន

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ថា រាជអាជ្ញាក្រុង តូក្យូនៅថ្ងៃទី ២៤ ខែធ្នូ បានចេញដីកាចោទប្រកាន់ប្រឆាំងលេខារបស់លោក អាបេ ឈ្មោះ Hiroyuki Haikawa តែមិនបានចោទប្រកាន់ជាផ្លូវការប្រឆាំងលោក អាបេ ឡើយ ព្រោះប្រទេសជប៉ុនមានច្បាប់មូលនិធិនយោបាយតឹងរ៉ឹង ដែលហាមឃាត់អ្នកនយោបាយពីការផ្ដល់លុយ អំណោយដល់អ្នកគាំទ្រ

បើតាមទូរទស្សន៍ NHK ក្រុមរាជអាជ្ញាជប៉ុន អះអាងថា ចំណូលនិងចំណាយសរុបនេះ ដែលពុំបានប្រកាសក្នុងរបាយការណ៍មូលនិធិនយោបាយប្រហែលមានចំនួនលើស៣៨,ម៉ឺនដុល្លារ បន្ទាប់ពីក្រុមរាជអាជ្ញាជប៉ុនបានកសាងសំណុំរឿងប្រឆាំងលោក Haikawa អាយុ៦១ឆ្នាំ ដែលអត់កត់ត្រាចំណូលនិងចំណាយនានាពាក់ព័ន្ធនឹងកម្មវិធីជួបជុំអ្នកគាំទ្រ

សូមជម្រាបថា លេខារបស់លោកអាបេ ជាប្រធានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកអតីតនាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៣ និង២០១៩ការចំណាយលើព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅសណ្ឋាគារប្រណីតក្នុងទីក្រុង តូក្យូ ត្រូវបានប៉ាន់ស្មានថាអស់សរុបជាង២២ម៉ឺនដុល្លារ លុយចំណាយនេះ គឺច្រើនជាងលុយដែលប្រមូលបានពីអ្នកចូលរួម

គួរបញ្ជាក់ថា រឿងអាស្រូវនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកស្នងតំណែងបន្តពីលោកអាបេ គឺនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ នោះគឺព្រោះតែលោក ស៊ូហ្កា ធ្លាប់ធ្វើជាដៃស្ដាំលោក អាបេ អស់ពេលឆ្នាំ ហើយក៏ធ្លាប់ទាំងចេញមុខការពារលោក អាបេ ក្នុងរឿងអាស្រូវនេះអំឡុងសន្និសីទព័ត៌មាន និងក្នុងសភាផងដែរ

ដោយ៖ស តារា


ចែករំលែក៖