ខេត្តស្វាយរៀង៖ បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្តាំបុករថយន្តចំពីចំហៀងខាងឆ្វេងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១៣៦និង១៣៧ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលរងរបួសមានឈ្មោះ នួន ដំ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រខណៈរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងមិនទាន់ដឹងខ្លួននៅឡើយ។
ចំណែកអ្នកបើករថយន្តមានឈ្មោះ សោម សាម៉ន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជាក់ថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N ១៦៩០ ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្តាំស្រាប់តែទៅបុកនិងរថយន្តម៉ាកតាកូម៉ា ពណ៌ស គ្មានស្លាកលេខ ចំពីចំហៀងមុខខាងឆ្វេងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកវាស់វែងនិងយកអ្នករបួសមកកាន់មន្ទីពេទ្យខេត្តដើម្បីសង្គ្រោះនិងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន