ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអនុព័ន្ធការងារ អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះមកដល់ស្ថានីយ៍ប៉ូលិស និងមន្ទីពេទ្យនៅទីក្រុងផូឆុន

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ នៅ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញក្រុមអនុព័ន្ធការងារ អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះមកដល់ស្ថានីយ៍ប៉ូលិស និងមន្ទីពេទ្យនៅទីក្រុងផូឆុន ដើម្បីពិនិត្យមើលរបាយការណ៍ និងការកោសល្យវិច័យក្នុងករណីសពពលការិនី នួន សុខខេង ដែលបានស្លាប់កាលពីថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២០។ ប៉ូលិសកំពុងតែបន្តការស៊ើបសួរបន្ថែមពីអ្នកដែលពាក់ព័ន្ធ ចំណែកលទ្ធផលនៃកោសល្យវិច័យនឹងចប់សព្វគ្រប់នៅពេលឆាប់ៗនេះ​។

សូមបញ្ជាក់ថា ក្រុមការងារ បានសហការជាមួយអាជ្ញាធរកូរ៉េ ដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យមើលរបាយការណ៍ ក៏ដូចជារូបថតនៃស្ថានភាពស្លាប់របស់ពលការិនីក្នុងករណីនេះ យ៉ាងយកចិត្តទុកដាក់ និងសុក្រឹត្យជាទីបំផុត។ បន្ទាប់មក ក្រុមការងារបានពិភាក្សាជាមួយលោកថៅកែអំពីការចំណាយក្នុងការបូជាសព ការកក់កន្លែងបូជាសព នឹងជួយសម្របសម្រួលរៀបចំឯកសារតាមនីតិវិធីបច្ចេកទេស ដើម្បីបូជាសពជូនពលការិនីខាងលើ ឱ្យបានល្អជាទីបំផុត។ សពពលការិនីនឹងបូជានៅថ្ងៃចន្ទទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក តំបន់សងណាំ។

ក្រុមគ្រួសារ និងសាច់ញាតិនៃសព បានស្នើសុំឱ្យសាធារណជនទាំងអស់ មេត្តា កុំបង្កើតជាបញ្ហា និងចលាចល ទៅដល់ក្រុមការងារ និងអាជ្ញាធរកូរ៉េដែលកំពុងអនុវត្តនីតិវិធី និងបានជួយគ្រួសារសពអស់ពីលទ្ធភាពកន្លងមក ហើយសូមសាធារណជនទាំងអស់មេត្តាទុកចិត្តស្ថានទូត និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីឱ្យកូនរបស់គាត់ចែកឋានដោយភាពស្ងប់សុខផង។

សូមអរគុណដល់ប្អូនស្រីសូជីន ដែលបានជួយបកប្រែជូនក្រុមការងារស្ថានទូត អរគុណដល់ប្អូនៗពលការិនីដែលបានសហការជួយផ្តល់ព័ត៌មាននិងការពិតដល់ស្ថានទូតនិងប៉ូលិស ហើយក៏សូមអរគុណដល់លោកថៅកែបានសហការជួយក្នុងការចាត់ចែងបូជាសពនិងជួយចេញថ្លៃចំណាយផ្សេងៗក្នុងការបូជាសព៕

ដោយ៖ សិលា


ចែករំលែក៖