ភ្នំពេញ ៖ ដោយមានបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ ដូចធម្មតា ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដ-១៩របស់ក្រសួង។ នេះបើយោងតាមការបញ្ជាក់អោយដឹង ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអនុញ្ញាតឲ្យបើកនូវភោជនីយដ្ឋាន ជាមួយនឹងហាងទំនិញផ្សេងៗ ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ឲ្យដំណើរការដូចធម្មតាឡើងវិញ ប៉ុន្តែការបើកឡើងវិញនេះ គឺត្រូវគោរពតាមវិធានការអនាម័យ របស់ក្រសួងសុខាភិបាលជាចាំបាច់»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់ ដែលជាករណីនាំចូល និងព្យាបាលជាសះស្បើយ អ្នកជំងឺម្នាក់ផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៨នាក់។ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមាន៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧នាក់ និង៤នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៤៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើវត្ថុសំណាករបស់បុរសខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។
ចំណែកអ្នកជាសះស្បើយវិញ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
ដោយ៖សិលា