ព័ត៌មានទាន់ហេតុការណ៍៖

បើកបររថយន្តខ្វះការប្រុងប្រយ័ត្នបង្កជាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង រថយន្ត ដោយសារខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរងការខូចខាតរៀងខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ R6 កែងផ្លូវលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿង ម៉ាក TOYOTA Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-4459 បើកបរដោយនារីម្នាក់ តាមបណ្តោយផ្លូវR6 ទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចផ្លូវបំបែក ជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Lexus RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-3518 បើកបរដោយបុរសជនជាតិបរទេសម្នាក់ តាមបណ្តោយផ្លូវលេខ៥៦៦ ទិសដៅពី កើតទៅលិច ដោយរថយន្តទាំង២មិនបង្អង់ល្បឿនដោយខ្វះការប្រុងប្រយ័ត្ន រួមទាំងខ្វះការយោគយល់ ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តToyota Prius រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្ត Lexus RX 300 រងការខូចខាតកំពិតទ្វារក្រោយខាងស្តាំ ប៉ុន្តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖RARA


ចែករំលែក៖