ភ្នំពេញ ÷ បុរសម្នាក់បើកម៉ូតូលឿនវ៉ាជែងរថយន្តស្ទូចមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតបណ្តាលដួលខ្ទាតចូលទៅក្រោមកង់រថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯម៉ូតូភាគីម្ខាងទៀតរងរបួសធ្ងន់២ នាក់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧ និង ៤០ នាទីយប់ថ្ងៃទី ២៨ ខែឆ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយ ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ នាម P13 មានប្រពន្ធ និងកូនមួយ មុខរបរ ជាសន្តិសុខ រោងចក្រជិតផ្សារត្រពាំងថ្លឹង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើកម៉ូតូម៉ាក YAMAHA FZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CW-5509 បើកតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានវ៉ាជែងរថយន្តស្ទូចមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុកដាឌ្រីមសង់ សេ១២៥ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1N-3144 បើកបរនឹងរួមដំណើរដោយបុរស២នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យដួលទៅនឹងថ្នល់ខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម្ចាស់ម៉ូតូហុងដាទ្រីមសង់មួយគ្រឿងទៀតរងរបួសធ្ងន់ទាំង២នាក់បញ្ជូនទៅមន្ទីរពេទ្យ ក្រោយកើតហេតុភ្លាមៗរថយន្តបានបន្ថែមល្បឿនបើកទៅមុខរបាត់។
បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅជំនាញចុះមកយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក ចំណែកសពជនរងគ្រោះធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ជ្រោយពេជ្រ