ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អង្គុយលើម៉ូតូសុខៗដាច់ផ្ងារធ្លាក់ពីលើម៉ូតូមកក្រោយស្លាប់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់កំពុងអង្គុយនៅលើម៉ូតូខាងមុខអាគារសាលាក្រុងបាវិតសុខៗស្រាប់តែ ប្រកាច់ធ្លាក់ពីលើម៉ូតូបោកក្បាលមកក្រោយស្លាប់បង្កការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២០នៅខាងមុខអគារសាលាក្រុងស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា បុរសខាងលើមានឈ្មោះ ញ៉ឹក មុន្នី អាយុ៥៩ឆ្នាំ មុខរបរជាអ្នកសំអាតអនាម័យនៅសាលាក្រុងបាវិត មានទីលំនៅភូមិថ្នល់កែង សង្កាត់ច្រកម្ទេស ក្រុងបាវិត។

បើតាមមន្ត្រីសាលាក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះ ជាកម្មករអនាម័យរបស់តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ឲ្យមកជួយធ្វើការអនាម័យនៅសាលាក្រុងបាវិត ហើយគាត់បានសម្រាកទៅព្យាបាលជំងឺមួយរយៈហើយ ទើបតែព្រឹកកើតហេតុបានមកបើកប្រាក់ខែ និងឆ្លៀតសំអាត សាលាក្រុងរួចដើររើសសំបកកំប៉ុងរួចអង្គុយលេងនៅលើម៉ូតូស្រាប់តែដួលដាច់ផ្ងារធ្លាក់ពីលើម៉ូតូមកក្រោយស្លាប់តែម្តង។

បន្ទាប់មកសមត្ថកិច្ចនិងគ្រូពេទ្យចុះមកពិនិត្យសពរួចធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គហើយក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖