មាននិទានមួយថា មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា “ វ៉ើយចៅដឹកគោអញទៅណា ? ” ។ ចោរនោះមិនស្ដី ។ បុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរ ។ ចោរថា “ យីអើ ! អញចង់អស់សំណើចនឹងចៅនេះពេកណាស់ គោអញដឹកពីផ្ទះអញមកម្ដេចក៏ចៅឯងមកចោទថាអញលួចគោចៅ ? ” ។ ចៅទាំង ២ ដណ្ដើមគោគ្នាទៅវិញទៅមក សុទ្ធតែបានរៀងៗ ខ្លួនទើបចៅទាំង ២ នោះដឹកគោទៅប្ដឹងចៅក្រមដោយដំណើរទីទៃ ៗ ពីគ្នា ។ ចៅក្រមកាត់សេចក្ដីឲ្យចៅទាំង ២ នាក់នោះពុំបាន ក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះ ។ ឯចៅម្ចាស់គោក្រាបបង្គំទូលថា “ គោនេះខ្ញុំព្រះបាទអម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះ ចងឲ្យទទួលព្រះរាជទានស្មៅ ខ្ញុំព្រះបាទអម្ចាស់ទៅទទួលព្រះរាជទានដំណេកលក់ ស្រាប់តែចៅនេះមកលួចដឹកគោខ្ញុំព្រះបាទខ្ញុំព្រះបាទអម្ចាស់យកទៅ លុះខ្ញុំព្រះបាទអម្ចាស់ក្រោកពីដំណេកទៅតាមយកគោពីចៅនេះ ៗ ពុំព្រមឲ្យ ចេះដណ្ដើមគោពីខ្ញុំព្រះបាទអម្ចាស់ ” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “ គោនេះចៅឲ្យស៊ីអ្វី ? ” ។ ចៅម្ចាស់គោក្រាបទូលថា “ ឲ្យទទួលព្រះរាជទានស្មៅ ” ។ ចោរឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ ដឹកគោមកអំពីផ្ទះ ខ្ញុំព្រះបាទអម្ចាស់ ស្រាប់តែចៅនេះ ដើរមកពីណា មកដណ្ដើមគោខ្ញុំ ព្រះបាទអម្ចាស់កណ្ដាលផ្លូវ ” ។ ព្រះមហាក្សត្រទ្រង់សួរថា “ គោនេះចៅឯងឲ្យស៊ីអ្វី ? ” ។ ចោរឆ្លើយថា “ ឲ្យទទួលព្រះរាជទានសណ្ដែក ” ។ ព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយង្គុបង្អកគោ ហើយគោនោះវារើចេញមក ឃើញតែស្មៅ ពុំឃើញស្លឹកសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយ ។ ព្រះអង្គមានព្រះបន្ទូលថា “ អានេះលួចគោមែនហើយ ” ទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះ ។ ព្រះអង្គកាត់ដូច្នេះ ហៅសុគតិគមនំហោង ៕
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)