ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើសារ ព្រមាន​លោក ចាន់ យ៉េ​ត ត្រូវ​ដកខ្លួន​ឲ្យ​លឿន បើ​មិនចង់ជាប់គុក ! រឿងដីធ្លី

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបថា នៅក្នុងថ្ងៃនេះផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​ព្រមាន​ទៅ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ យ៉េ​ត ស្ថិត​នៅ​ក្នុង​គណបក្ស​មួយ និង​ជា​អតីត​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ឲ្យ​បញ្ឈប់​សកម្មភាព​បំផុសបំផុល និង​បោក​ប្រាស់ប្រជាជន នៅ​តំបន់​អភិវឌ្ឍន៍​ជ​ង្រុ​ក ស្ថិត​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​បន្ទាន់ បើ​មិន​ចង់​ជាប់គុក​ទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ថា «​បើ​អ្នកឯង មិន​បញ្ឈប់​សកម្មភាព និង​ដកខ្លួន​ចេញ​ទេ អ្នកឯង​នឹង​ត្រូវ​ចាប់ខ្លួន​ភ្លាម​! ខ្ញុំ​ឲ្យ​ខាង​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ រៀបចំ​ឯកសារ​រួច​ហើយ បើ​អ្នកឯង មិន​ដកខ្លួន​ទេ នឹង​ត្រូវ​ចាប់ខ្លួន​ភ្លាម​។ អ្នក​ពាក់ព័ន្ធ​ជាមួយ ចាន់ យ៉េ​ត ក៏​ត្រូវ​ដកខ្លួន​ភ្លាម​» ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» និង​សមិទ្ធផល​កើត​ពី​នយោបាយ​ឈ្នះ​=​ឈ្នះ ព្រមទាំង​ការ​ទទួល​បាន​ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា មួយ​ចេញពី​គេហដ្ឋាន នា​ក្រុង​តា​ខ្មៅ ដោយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។ សម្ដេចតេជោហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីមួយរូប ដែលបានទប់ទល់ស្ថានភាព គ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជា ទាំងស្ថានភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិ ពិសេសទប់ស្កាត់ជំងឺកូវីដ-១៩ ជាប់ចំណាត់ថ្នាក់លេខ 1 លើពិភពលោក។

សម្ដេចបានមានប្រសាសន៍លើកឡើងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២០ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ បញ្ចប់​មុខ​តំណែង លោក ចាន់ យ៉េ​ត ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​ឋានៈ​ស្មើ ទេស​រដ្ឋមន្ត្រី ។

តាម​ព្រះរាជក្រឹត្យ​ដែល​បណ្តាញ​ព័ត៌មាន ទទួល​បាន​បញ្ជាក់​ថា ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង លោក ចាន់ យ៉េ​ត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

លោក ចាន់ យ៉េ​ត នា​ពេល​កន្លង​ទៅ បាន​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ ទៅ​នឹង​ទំនាស់​ដីធ្លី នៅ​តំបន់​បឹង​ជង្រុក និង​៦៧១ ក្នុងស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

យ៉ាងណា​ក៏​ដោយ បើ​តាម​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មី​ៗ​នេះ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រកាស​នេះ លោក ចាន់ យ៉េ​ត មិន​បាន​ឈប់​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ខាងលើ​នោះ​ទេ ដោយ​លោក​នៅ​តែ​ឈរ​នៅ​ពីក្រោយ​ករណី​នេះ​ដដែល​។
ដោយសារតែបញ្ហា លោក ចាន់ យ៉េត លូកដៃចូលយ៉ាងជ្រៅក្នុងរឿងដីធ្លីនៅខេត្តបន្ទាយមានជ័យ ទើបមានវត្តមាននាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះទៅធ្វើកិច្ចការនេះដោយផ្ទាល់ និងប្រកបដោយភាពទទួលខុសត្រូវបំផុត៕

ដោយ៖ សិលា


ចែករំលែក៖