នៅថ្ងៃទី២៨ខែធ្នូ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសរុស្ស៊ីគឺវ៉ាក់សាំង Sputnik V ចំនួន៦ពាន់ដូស។
ប៉ុន្តែមកទល់ពេលនេះ ប្រទេសហុងគ្រីមិនដឹងថានឹងប្រើប្រាស់វ៉ាក់សាំងបែបណានោះឡើយ តាមច្បាប់របស់អឺរ៉ុប។ តាមច្បាប់ វ៉ាក់សាំងដែលប្រើប្រាស់ក្នុងប្រទេសជាសមាជិកគឺត្រូវតែឆ្លងកាត់ការអនុម័តពីសហគមន៍អឺរ៉ុបជាមុនសិន ។ អឺរ៉ុបបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់អាមេរិក និងអាល្លឺម៉ង់ប៉ុណ្ណោះ ចំណែកវ៉ាក់សាំងរបស់រុស្ស៊ីមិនទាន់អនុម័តនៅឡើយ។
រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានឲ្យដឹងទៀតថា វ៉ាក់សាំងរបស់រុស្ស៊ីបានបញ្ជូនទៅដល់មជ្ឈមណ្ឌលសុខាភិបាលជាតិហុងគ្រី ដើម្បីចែកចាយប្រើប្រាស់ហើយ។ កាលពីខែមុន រុស្ស៊ីនិងហុងគ្រីបានព្រមព្រៀងគ្នា ដោយអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ ហុងគ្រី ត្រួតពិនិត្យការផលិតវ៉ាក់សាំងនិងសាកល្បងវ៉ាក់សាំង Sputnik V ។
កាលពីថ្ងៃទី២៦ខែធ្នូ ប្រទេសក្នុងតំបន់អឺរ៉ុប បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតដោយក្រុមហ៊ុន Pfizer / BioNTech ។ បច្ចុប្បន្ន នៅលើពិភពលោកមានចំនួនអ្នកឆ្លងជាង ៨១,៦លាននាក់ ក្នុងនោះតំបន់អឺរ៉ុប គឺជាតំបន់ដែលឆ្លងរាលដាលច្រើនជាងគេបំផុតលើពិភពលោក ដោយមានអ្នកឆ្លងសរុប២២,៨លាននាក់ និងស្លាប់ ៥,២៥ លាននាក់៕
ដោយ៖ធី រីណា