ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនកម្ពុជា២០គ្រួសារ ដែលមានជីវភាពខ្វះខាតជួបការលំបាក បានទទួល ការឧបត្ថម្ភ ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក

ចែករំលែក៖

ខេត្តតាកែវ  ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានជួបសួរសុខទុក្ខជាមួយអតីតយុទ្ធជនក្នុងស្រុកកោះអណ្តែត ចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនទាំង២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវគ្រឿងឧបភោគបរិភោគ០៨មុខ និងថវិកាចំនួន ៥ម៉ឺនរៀល។

ពិធីនេះបានប្រព្រឹត្តទៅ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកកោះអណ្តែត ប្រធានកិត្តិយស.ស.អ.ក ស្រុក លោកអធិការស្រុក មេបញ្ជាការ កងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករង និងអាជ្ញាធរភូមិ/ឃុំផងដែរ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខចំពោះអតីតយុទ្ធជននៅគ្រប់ទីកន្លែង ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមានការខ្វះខាត និងកំពុងតែត្រូវការជំនួយ ក្នុងដំណាក់កាលដែលពួកគាត់ជួបការលំបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩។ លោកឧត្តមសេនីយត្រី បានណែនាំដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សារអនាម័យ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួននិងក្រុមគ្រួសារពីជំងឺដ៏កាចសាហាវនេះ៕

ដោយ៖សិលា


ចែករំលែក៖