ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន នឹងខិតខំបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានប្រកាសបន្តកិច្ចខិតខំដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដូចជា សន្តិសុខសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។ 

ការប្រកាសរបស់គណៈអភិបាលខណ្ឌចំការមនបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី៣ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមវត្តមាន លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ថេង សុថុល អភិបាលខណ្ឌចំការមន។

លោក ថេង សុថុល បានលើកឡើងថា ក្នុងវេទិកាសាធារណៈដែលប្រជាពលរដ្ឋមានការស្នើសុំពាក់ព័ន្ធនិងបញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន ដូចជាការកាប់លះមែកឈើ ការស្តារប្រឡាយលូនៅតាមបណ្តោយផ្លូវមួយចំនួននោះ រដ្ឋបាលខណ្ឌបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយបានចុះធ្វើការងារទាំងនោះបានមួយចំនួនរួចហើយ និងកំពុងបន្តធ្វើបន្ថែមទៀត។ 

ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមថ្កូវ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយលូបឹងត្របែក ដែលបានស្នើឱ្យរដ្ឋបាលខណ្ឌចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនោះ រដ្ឋបាលខណ្ឌ បានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មូសជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋរួចរាល់ហើយ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយលូបឹងត្របែកលើកជាសំណើទៅរដ្ឋបាលខណ្ឌបន្តទៀត ប្រសិននៅមានការខ្វះចន្លោះ ដោយលោកបានចាត់ទុកសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាអទិភាពចម្បង ដែលក្នុងនាមអាជ្ញាធរចាំបាច់ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា បញ្ហាសំរាម គឺជាបញ្ហាប្រឈមមួយដែលពិបាកធ្វើការដោះស្រាយ ជាពិសេសក្រៅពីការកាត់លះមែកឈើនោះ ខ្សែកាប ខ្សែប្រព័ន្ធអ៉ីនធឺណេតខ្វាត់ខ្វែងនៅតាមវិថីសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌដែលអាជ្ញាធរត្រូវតែបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដើម្បីសោភ័ណភាពផង និងបង្ការនៅពេលមានគ្រោះអគ្គិភ័យកើតឡើងបណ្តាលមកពីខ្សែភ្លើងទាំងនោះ។

ដោយឡែក ពាក់ព័ន្ធនិងការស្តារប្រឡាយលូផ្សារដើមថ្កូវ ក៏ជាគម្រោងមួយដែលនៅថ្ងៃអនាគតឆាប់ៗ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តារប្រឡាយលូទាំងអស់ឡើងវិញ។ ដូច្នេះ អាជ្ញាធរខណ្ឌ ត្រូវត្រៀមឱ្យបានរួចរាល់ផងដែរ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមប្រឡាយ ទៅតាមលទ្ធភាពជាក់ស្តែង ៕ដោយ៖ជី ណា


ចែករំលែក៖