ខេត្តព្រៃវែង ៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ចំនួន ៩១៣គ្រួសារ នៅក្នុងក្រុងព្រៃវែង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង ។
សម្រាប់អំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ក្រុមការងារបាននិងកំពុងចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ទាំង ១៣ស្រុក ក្រុង ទូទាំងខេត្តព្រៃវែង ។
ដោយឡែកក្នុងក្រុងព្រៃវែង នេះ ក៏មិនខុសពីស្រុកផ្សេងៗដែរ គឺក្រុមការងារ បានចុះចែករំលែកជាសម្ភារៈប្រើប្រាស់ ពូជស្រូវ គ្រាប់ពូជបន្លែរួមផ្សំ ជូនពុកម៉ែបងប្អូនយើង ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ។ ជាក់ស្តែងនៅក្រុងព្រៃវែងនេះ ដ្បិតថា អង្ករមិនច្រើនក្តី ប៉ុន្តែយើងបានធ្វើជាញឹកញាប់។ ពិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាកាយវិការរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនមើលរំលងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ជាខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២០ បានធ្វើឱ្យយើងមានឱកាសបានជួបជុំគ្នានៅថ្ងៃនេះ។
ប្រទេសយើងមិនមែនជាអ្នកមានទេ តែយើងមានចិត្តធំ យើងជួយប្រទេសទីម័រ ឡាវ និងមីយាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ពេលនេះលើពិភពលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៨០លាននាក់ ប៉ុន្តែកម្ពុជាយើង មានត្រឹមតែជាង ៣០០នាក់ប៉ុណ្ណោះ ហើយយើងគ្មានអ្នកស្លាប់ទេ។ អង្គការសុខភាពពិភពលោក បានផ្ដល់ចំណាត់ថ្នាក់ឱ្យប្រទេសកម្ពុជាយើង ជាប់លេខ១ ទូទាំងពិភពលោក ។ ចំណែកប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេគឺ អាមេរិក រហូតដល់ជាង ៣៣ម៉ឺននាក់ ។ ដូច្នេះ អាមេរិក ក្នុង ១ថ្ងៃ ស្លាប់ជាង ១ ៥០០នាក់។
កម្ពុជាយើងកន្លងមក រាជរដ្ឋាភិបាល បានជួយឧបត្ថម្ភជាច្រើនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមបណ្តារាជធានី-ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាដើម។ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាយ៉ាងច្រើន សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងវិបត្តិកូវីដ-១៩ ។
ចំពោះវិស័យអប់រំ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឲ្យប្អូនៗក្មួយៗជាសិស្សថ្នាក់ទី១២ ក្នុង ឆ្នាំ២០១៩-២០២០ ជាប់ទាំងអស់ ដោយមិនបាច់ប្រឡង ។ នៅសល់ពេលប្រហែល ១ខែទៀតទេ ប្អូនៗ ក្មួយៗ ត្រូវចូលសិក្សានៅតាមសាកលវិទ្យាល័យនានា ខណៈសាលារៀនរដ្ឋ និងឯកជន នឹងត្រូវបើកឱ្យចូលរៀនឆ្នាំសិក្សាថ្មីវិញ ។ ដូច្នេះសូមប្អូនៗ ក្មួយៗ ដែលត្រូវចូលរៀនត្រៀម។
សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព ។ យើងមានលុយយើងអាចទិញអ្វីៗបាន ប៉ុន្តែសុខភាពមិនអាចទិញបានទេ៕
ដោយ៖សិលា