ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង ខុន អបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះ-ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងនេះទាំងអស់បានសម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

«សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។

លោកបណ្ឌិត ថោង ខុន បញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត»។

យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕

ដោយ៖សុខ ខេមរា


ចែករំលែក៖