ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ នាខែកុម្ភៈខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គ្រោងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទឹសដៅភារកិច្ចអនុវត្តន៍បន្តឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តនាដើមខែកុម្ភៈខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំមួយនៅទីស្តីក្រសួង ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

អ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា៖ នៅក្នុងកិច្ចប្រជុំព្រឹកថ្ងៃពុធនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានពិនិត្យពីវឌ្ឍនភាពសកម្មភាពការងារមួយឆ្នាំ  ដែលបានបង្ហាញដោយលោកចាប សុថារិទ្ធ និងអគ្គនាយកដ្ឋានទាំងបីចំណុះឲ្យក្រសួង សំរាប់ដាក់ចូលពិភាក្សាក្នុងសន្និបាត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ រួមនឹងស្នាដៃធំៗ ដែលយើងអនុវត្តន៍កន្លងមក បើទោះជាជួបនឹងវិបត្តិកូវីដ-១៩ ដូចប្រទេសលើសកលលោកក្តី តែធានាបាននិរន្តរភាពការងារ ជូនរាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទាំងអស់ សូមសម្ដែងការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។

យើងខ្ញុំទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត ។

លោកស្រីម៉ែន សំអន បន្តថា៖ តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ ៕

ដោយ៖សូ រិយា


ចែករំលែក៖