ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា៖ ក្រោយពីទទួលបានពាក្យបណ្តឹងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមទាំងកម្លាំងនគរបាលមូលដ្ឋានបានស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការនាំខ្លួនជនពាក់ព័ន្ធម្នាក់ឈ្មោះសល់ សាន់ ហៅ តឿ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួងមកសាកសួរ។
សមត្ថកិច្ចនគរបាលនៃស្នងការខេត្តបានឲ្យដឹងថា៖ជនបង្កឈ្មោះ សល់ សាន់ ហៅតឿ នេះបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា មូលហេតុដែលបណ្តាលឲ្យខ្លួនរួមទាំងបក្សពួកចំនួន៣ នាក់ទៀត ធ្វើសកម្មភាពដេញកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះព្រោះតែខឹងនឹងជនរងគ្រោះថ្លើមធំហ៊ានទៅស្រឡាញ់អតីតសង្សាររបស់ខ្លួនទើបខឹងទប់ចិត្តមិនបាន។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ ដែលជនបង្កកាប់នោះមានឈ្មោះសុខ រ៉ានីឆា ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងរងរបួសត្រង់សៀតផ្កា ខ្នង និងបណ្តាលឲ្យខូចខាតម៉ូតូមួយចំនួនទៀតដោយសារជនបង្កកាប់។
ក្រោយពីកើតហេតុរួចសមត្តកិច្ចក៏ប្រមូលភស្តុតាង និងយោងតាមចម្លើយសារភាពរបស់ជនបង្កគ្រប់គ្រាន់កម្លាំងការិយាល័យជំនាញបានបន្តបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនជនសង័្សយខាងលើទៅកាន់សាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត