ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ផ្តល់សម្ភារដល់អង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារដឹកនាំដោយ លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ ការងារដាំបន្លែចម្រុះ និងចិញ្ចឹមសត្វ ក្នុងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដែលស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានផ្តល់នូវទូភ្ញាស់ពងមាន់ ចំនួន ១ទូ ដែលអាចភ្ញាស់ ពងមាន់បាន ១០៥៦គ្រាប់ ក្រៅពីនោះក៏មានមេមាន់ពូជ ៨៤ក្បាល ថ្នាំសម្លាប់មេរោគ ថ្នាំវ៉ាក់សាំង សម្រាប់រោងចិញ្ចឹមយកចិញ្ចឹមមេមាន់ពូជ ក្នុងអង្គភាពវរសេនាតូច។

សូមបញ្ជាក់ថា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គភាពកងពលតូចថ្មើរជើងលេខ៥១ តាំងពីឆ្នាំ២០១៦មកដល់ពេលនេះ និងបានជួយផ្តល់នូវសម្ភារ បច្ចេកទេស ជាបន្តបន្ទាប់រៀងរាល់ឆ្នាំផងដែរ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណចំពោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយដល់អង្គភាពកងពល ក្នុងការចូលរួមផ្នែកវិស័យកសិកម្ម  កន្លងមក និងបន្តសហការឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព ប្រកបដោយសុវត្ថិភាពសុខភាព ធានាបាននូវសុខុមាលភាពល្អ ក្នុងតួនាទីភារកិច្ចការពារជាតិមាតុភូមិ ពិសេសគឺបានជួយដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាតផងដែរ៕

ដោយ៖សូ រិយា


ចែករំលែក៖