ខេត្តស្វាយរៀងះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអំពាវនាវដល់លោកលោកស្រីបងប្អូនកូនក្មួយសូមអញ្ជើញមកលេងកម្សាន្តនៅស្រះវង់និង ចូលរួមថែរក្សាសមិទ្ធផលដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
ការអំពាវនាវបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ក្នុងពិធីសម្ពោធសមិទ្ធផលស្រះវង់ និងលែងកូនត្រីចម្រុះពណ៌២ប្រភេទចំនួន២០០គីឡូក្រាមស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះមានការចូលរួមពីលោកជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង, លោកប្រធានមន្ទីរនានាក្នុងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។
មានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើទៅកាន់ពិធីនេះលោកម៉ែន វិបុលអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកែលម្អសោភណភាពនៅជំុវិញស្រះវង់ដែលបានធ្វើពិធីសម្ពោធនាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់រដ្ឋបាលក្រុង ត្រូវចាត់កម្លាំងរៀបចំអនាម័យបរិស្ថាន ដាក់ធុងសំរាម និងថែសួននៅជុំវិញបរិវេណស្រះវង់នេះឱ្យបានស្អាតជាប្រចាំ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនេះចូលរួមថែរក្សាសមិទ្ធផលដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នានិងជូនពរចូលឆ្នាំថ្មីឆ្នាំសកល២០២១នេះផងដែរ៕
ដោយ៖ យឹម សុថាន