ព័ត៌មានទាន់ហេតុការណ៍៖

បើកបររថយន្តមិនប្រុងប្រយ័ត្នទៅបុកជនជាតិថៃម្នាក់កំពុងតែដើរថ្មើរជើងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់ លោក មាស សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរារចណ៍មួយកើតឡើងដោយសាររថយន្ត១គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកបុរសម្នាក់ជាជនជាតិថៃ បានធ្វើដំណើរថ្មើរជើងផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅជើងខាងស្ដាំនិងបែកមាត់(ឈាមហូរ)។ ក្រោយមកត្រូវបាន កងកម្លាំងសន្តិសុខនៅការពារកាស៉ីណូហុងបូព្រំ បានយករថយន្ត១គ្រឿងមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

លោក អធិការស្រុកសាលាក្រៅបានបន្តទៀតថាករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ០៧ និង២០នាទីព្រឹកថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្បែរកាស៊ីណូហុងបូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះភាគីបង្កដែលជាអ្នកបើកបររថយន្តមាន ឈ្មោះ ប៉ាន់ ឈឿង (គ្មានរបួស) ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-7263 ក្នុងទិសដៅពីកើតទៅទៅលិច។   

រីឯជនរងគ្រោះឈ្មោះ ពាធ  ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិថៃ មានទីលំនៅរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំនិងបែកមាត់)។

ចំពោះមូលហេតុនៃការគ្រោះថ្នាក់នេះបណ្ដាលមកពីកត្តា មនុស្ស ( ភាគីបើកបររថយន្ត បើកបរដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុកមនុស្សដែលកំពុងធ្វើដំណើរតាមចិញ្ចើមផ្លូវ។

 បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកវត្ថុតាងត្រូវបាន ដកហូតយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ÷ ស សារ៉េត


ចែករំលែក៖