ខេត្តកណ្ដាល៖ យ៉ាងតិចឮស្នូរគ្រាប់កាំភ្លើងចំនួន ៧គ្រាប់ បានបាញ់ចេញពីបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បង្កឡើងដោយបុរស ជាជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តដឹកទំនិញបុកបង្គោលភ្លើង ហើយសមត្ថកិច្ចនាំមកធ្វើការសាកសួរក្នុងស្នាក់ការប៉ុស្តិ៍។
សូមបញ្ជាក់ថា, កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយបុរសម្នាក់ បើករថយន្តដឹកទំនិញ បើកបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូន ក៏បានឃាត់ខ្លួន និងហៅជនបង្កមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ជនបង្ក មកធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ក្រោយពេលធ្វើការសាកសួរ ស្រាប់តែ ជនបង្កខាងលើ រត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាចំនួន៣ ដើម បាញ់ចំនួន ៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច ។
បច្ចុប្បន្ននគរបាលប៉ុស្តិ៍ នគរបាលអធិការដ្ឋានស្រុកកោះធំ និងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កំពុងដឹកនាំកម្លាំង ធ្វើការឡោមព័ទ្ធជនបង្កខាងលើនេះ ដែលកំពុងលាក់ខ្លួនជាមួយនឹងកាំភ្លើងអាកាចំនួនបីដើម នៅក្នុងប៉ុស្តិ៍រដ្ឋបាលនោះតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា, ជនបង្កមានឈ្មោះ ពៅ ហុង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន។
បច្ចុប្បន្ន ម្ចាស់ក្រុមហ៊ុនក៏បានមកដល់កន្លែងកើតហេតុជាមួយសមត្ថកិច្ច ដើម្បីធ្វើការលួងលោម ឲ្យជនបង្កខាងលើនេះ ទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ចថែមទាំងហៅម្ដាយបង្កើតរបស់ជនបង្ក ឱ្យមកធ្វើការលួងលោមកូនរបស់ខ្លួន ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ជៀសវាងករណីផ្ទុះអាវុធកើតឡើង។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មុននេះបន្តិច នាយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានប្រាប់អង្គភាព នគរវត្ត ឲ្យដឹងថា, បច្ចុប្បន្នលោកកំពុងដឹកនាំកម្លាំង ធ្វើការឡោមព័ទ្ធ នឹងមិនឱ្យមានការផ្ទុះអាវុធ ប៉ុន្តែប្រើវិធាន ក្នុងការលួងលោមជនបង្ក ឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
លោកស្នងការបន្តថា, កាំភ្លើងនៅទីនោះមានចំនួនបីដើម និងមានគ្រាប់ជិត៩០គ្រាប់ ដូច្នេះមិនត្រូវឱ្យមានការផ្ទុះអាវុធកើតឡើងជាដាច់ខាត ជៀសវាងករណីគ្រោះថ្នាក់កើតឡើង។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា, ដំណាក់ការចុងក្រោយ សមត្ថកិច្ច និងសហការជាមួយម្ដាយជនបង្ក ប្រធានក្រុមហ៊ុនជនបង្ក លួងលោម ដោយប្រើមេក្រូ និយាយទៅកាន់ជនបង្ក ឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដោយមិនមានការចាប់ខ្លួន ឬបាញ់នោះឡើយ។ គឺធានាសុវត្ថិភាពចំពោះជនបង្កក្នុងដំណាក់កាលដំបូង។ ប៉ុន្តែវិធានការនេះ មិនទាន់អនុវត្តន៍នៅឡើយទេ ដោយសារម្ដាយជនបង្កមិនទាន់ធ្វើដំណើរមកដល់ទីតាំងកន្លែងកើតហេតុនៅឡើយ។
ចំពោះព័ត៌មានលំអិត អង្គភាព នគរវត្ត នឹងធ្វើការផ្សាយបន្តជូនបន្ថែមនៅពេលក្រោយ៕
ដោយ៖ស្អាង ជ័យ