ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅតុលាការពីបទបង្កហិង្សាបណ្តាលឲ្យមនុស្សរបួស៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងនាព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២១នេះបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការពីបទ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វាយនិងកាប់) ជនរងគ្រោះ៤នាក់បណ្តាលឲ្យរងរបួសធ្ងន់។

មន្រី្តនគរបាលព្រហ្មទណ្ឌស្រុកបាគងបានឲ្យដឹងថាជនសង្ស័យមាន៖

១-ឈ្មោះ លាប លីន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

២.ឈ្មោះ លាប លី ហៅ លិក ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

៣.ឈ្មោះ មឿន សៀវមិន ហៅបុល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប។

៤.ឈ្មោះ ម៉ិច ក្រាយ ហៅក្រាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធ្នង់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៥. ឈ្មោះយី ផានិត ហៅចយ ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ប្រភពដដែលបានឲ្យដឹងទៀតថា  កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទីយប់ នៅចំណុចក្រោមទំនប់ ៧៨ ផ្លូវទៅកំពង់ភ្លុក ស្ថិតក្នុងភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យទាំង ៥នាក់ បានបង្កហិង្សាដោយចេតនា វាយ និងកាប់ដោយកាំបិត និងដាវសាមូរ៉ៃ ទៅលើភាគីជនរងគ្រោះ បណ្តាលឲ្យរបួសចំនួន ៤នាក់ និងខូចខាតម៉ូតូចំនួន ០២គ្រឿង រួចគេចខ្លួនបាត់អស់។ក្រោយបង្កហេតុបានមួយថ្ងៃទើបសមត្ថកិច្ចជំនាញស្រាវជ្រាវដឹងតាមចាប់ខ្លួនបានជាបន្តបន្ទាប់តែម្តង។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យទាំង៥នាក់បានសារភាពថាពិតជាបានបង្កហិង្សាទៅលើជនរងគ្រោះមែន ដោយសារភាគីជនរងគ្រោះមានទំនាស់ពាក្យសម្តីកាលពីពេលកន្លងមក។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ប្រាថ្នា


ចែករំលែក៖