ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងសភាពស្អុយរលួយ ដោយពុំទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២១ ស្ថិត នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិ១០០ ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលនេះឡើង បងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅលេងបោះប៊ូលនៅក្នុងដីឡូត៍ជាប់កន្លែងកើតហេតុជារៀងរាល់ថ្ងៃ តែអត់មានអ្នកណាចាប់អារម្មណ៍ថាមានមនុស្សស្លាប់នៅទីនោះទេ ស្រាប់តែនៅថ្ងៃកើតហេតុ មានក្មេងៗបាននាំគ្នាយកខ្លែងទៅបង្ហោះលេងនៅជិតកន្លែងសពស្រាប់តែខ្លែងដាច់ខ្សែធ្លាក់ចំពីលើសពហើយក្មេងៗបានទៅរើសក៏ឃើញសពបុរសម្នាក់ដេកស្លាប់មានសភាពស្អុយរលួយបាត់ទៅហើយ រួចបាននាំគ្នារត់ទៅប្រាប់អ្នកភូមិឲ្យរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។
បន្ទាប់ពីដឹងដំណឹងនេះមកសមត្ថកិច្ចបានចុះមកទីតាំងកន្លែងកើតហេតុ រួចបានយកខ្សែហ៊ុមព័ទ្ធនៅជំុវិញសព ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យចុះមកពិនិត្យ ហើយខាងជំនាញនៅមិនទាន់អាចបញ្ជាក់ថា សពស្លាប់ដោយសារអ្វីឲ្យពិតប្រាកដនៅឡើយទេ៕ជ្រោយពេជ្រ