ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ​-១៩ទម្រង់ថ្មីរកឃើញនៅអាហ្វ្រិកខាងត្បូង គ្រោះថ្នាក់ជាងនៅក្នុងប្រទេសអង់គ្លេសទៅទៀត

ចែករំលែក៖

នៅថ្ងៃទី៤ខែមករាឆ្នាំ​២០២១ កូវីដ-១៩​ទម្រង់ថ្មី​ ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង​​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក ​Matt Hancock បានបញ្ជាក់ថា​ កូវីដ-១៩​ទម្រង់ថ្មី​ ដែលទើបតែរកឃើញក្នុងប្រទេសអាហ្វ្រិកគឺគ្រោះថ្នាក់​ជាងកូវីដ​-១៩​ដែលបានរកឃើញ​ក្នុងប្រទេសអង់គ្លេស​ទៅទៀត។

កូវីដ-១៩ទម្រង់ថ្មី​គឺឆ្លងរាលដាលយ៉ាងលឿនបំផុត​។
លោក ​Matt Hancock មានប្រសាសន៍ទៅកាន់សារព័ត៌មាន BBC ថា «ខ្ញុំពិតជាបារម្ភយ៉ាងខ្លាំង​ពីកូវីដ-១៩ទម្រង់ថ្មី (កូវីដ-១៩បម្រែបម្រួលខ្លួនថ្មី) នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង​។ ទាំងនោះហើយបានជាយើងកាត់បន្ថយការហោះហើរទៅកាន់អាហ្វ្រិកខាងត្បូង​…នេះជាបញ្ហាបារម្ភបំផុត​ គឺបារម្ភជាងនៅក្នុងប្រទេសអង់គ្លេសទៅទៀត»។
លោក​ ​Matt Hancock បន្តទៀតថា ​ក្រុមអ្នកវិទ្យាសាស្ត្រ​មិនមានជំនឿថាវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​បច្ចុប្បន្ន​នឹងមានប្រសិទ្ធភាពដល់កូវីដ-១៩ទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូងនោះឡើយ។ ជាមួយគ្នានេះ​វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​របស់ក្រុមហ៊ុន AstraZeneca និងមហាវិទ្យាល័យOxford គឺជាប្រភេទវ៉ាក់សាំង​ដែលមានសក្កានុពលបំផុតក្នុងវិស័យវេជ្ជសាស្ត្រដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល​​Matt Hancock នៅថ្ងៃទី​៤ខែមករាបានប្រកាសថា​ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនAstraZeneca/Oxfordហើយ ។
គិតត្រឹមម៉ោង ៧យប់ថ្ងៃទី​៤ខែមករាឆ្នាំ​២០២១ តាមគេហទំព័រ Worldometer បានផ្សាយថា​​នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩​ដល់ទៅ​ជាង​៨៥,៥លាននាក់ហើយ និងស្លាប់ជាង​១,៨៥លាននាក់។ ជាមួយគ្នានោះក៏មានអ្នកជំងឺ​ជាង​៦០,៥លាននាក់ព្យាបាលជាសះស្បើយដែរ។ ប្រទេសអង់គ្លេសស្ថិតនៅលំដាប់ទី​៦លើពិភពលោក ដោយមានអ្នកឆ្លង​ជាង​២,៦លាននាក់ និងស្លាប់​៧៥ពាន់នាក់៕

ដោយ៖ធី រីណា(រូបភាព៖AFP)


ចែករំលែក៖