ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យរន្ធត់ខ្លាំងណាស់!! ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបុកជាមួយរថយន្តស្លាប់២នាក់ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្រ្តី៣នាក់រួមជាមួយក្មេងម្នាក់ទៀតបានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវបែកជាបួនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយរថយន្តកូរ៉េដឹកទឹកសុទ្ធលីយ៉ុងដែលបើកបរពីកើតទៅលិច បណ្ដាលឱ្យស្លាប់ភ្លាមៗពីរនាក់នៅកន្លែងកើតហេតុ និងពីរនាក់ទៀតរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជា៤ជិតផ្ទះពេទ្យភាព ស្ថិតក្នុងភូមិកណ្តាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍របស់នគបាលចរាចរណ៍បានឲ្យដឹងថា: ជនរងគ្រោះទី១-ឈ្មោះស្រី ឡៃ ភេទស្រី អាយុ៣១ឆ្នាំ អ្នកបើកបរម៉ូតូ (ស្លាប់)មានទីលំនៅបណ្ដោះអាសន្ននៅភូមិរាជានុកូល សង្កាត់ ក្រុង- ខេត្តស្ទឹងត្រែង, ទី២-ឈ្មោះចិត្ត កុចនឹម ភេទស្រីអាយុ៦ឆ្នាំនៅក្នុងបន្ទុកឪពុកម្តាយ( ស្លាប់), ទី៣-ឈ្មោះសួន សុខុម ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ(របួសធ្ងន់),ទី៤ -ឈ្មោះវី ដាណេង ភេទស្រី អាយុ១៧ឆ្នាំ(របួសធ្ងន់)អ្នកទាំងពីរមានទីលំនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ចំណែកអ្នកបើកបរនិងជិះក្នុងរថយន្តមានគ្នា៣នាក់ ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់អស់។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា:បើតាមការពិនិត្យមើលទៅតាមកាមេរ៉ាសុវត្ថិភាព មុនកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង1C-9208 ជិះគ្នាបួននាក់បើកក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន បានទៅបុកជាមួយរថយន្តកូរ៉េពណ៌ខៀវ គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកបើកបរស្លាប់ និងក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពីរនាក់ទៀតរបួសធ្ងន់ បានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបន្តថា តាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុសមត្ថកិច្ចសន្និដ្ឋានថាអ្នកបើកបរម៉ូតូបានល្មើសច្បាប់ចរាចរណ៍ដោយបើកបរមិនគោរពសិទ្ធិអាទិភាពផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។

ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានល្មើសច្បាប់ចរាចរណ៍ដោយពេលមានគ្រោះថ្នាក់រត់គេចខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនាំយកម៉ូតូនិងរថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕

ដោយ៖មាស សុផាត


ចែករំលែក៖